Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីអ្នកងប់ល្បែងបានជាង១៤៩នាក់ ក្នុងខែមិថុនា

បានផុស

នៅ

ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន៦២ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន​​១៤៩នាក់ មានស្រី៥៧នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។ លោក បានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន៤៤ករណី មានមនុស្ស១០៤នាក់ ស្រី៣៧នាក់។

ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរង លោក ទូច សុឃៈ បានឱ្យដឹងដែរថា សមត្ថកិច្ចក៏បានបន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី ដោយឃាត់ខ្លួនមនុស្សសរុបចំនួន២៨៩នាក់ ស្រី២៧នាក់។ នៅក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត។

ខណៈអ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៣៩ករណី ស្មើ១១៣នាក់ និងស្រីចំនួន១០នាក់។ នេះបើតាមអ្នកនាំពាក្យរងដដែល។

លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ លោក ថា បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។

ដើម្បីជម្នះនិន្នាការបែបនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងតម្រង់ទិសជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។ ដោយឡែក ករណីក្រុមក្មេងទំនើង បន្ថែមលើបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម