Connect with us

ព័ត៌មានជាតិ

អគ្គិសនីតាម​ស្រុកជាប់ព្រំដែនថៃ​មួយ​ចំនួន ​ជួប​បញ្ហា​រអាក់រអួល​ ​​មួយ​ថ្ងៃ​ដាច់ភ្លើង​ជាច្រើន​ដង

បានផុស

នៅ

បណ្ដាស្រុកមួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ដែលនៅជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ មានការរអាក់រអួលអគ្គិសនី​ជា​ញឹកញាប់។ នេះបើតាមការ​ផ្តល់ព័ត៌មានពី​ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដូចជាស្រុកសំពៅលូន ភ្នំព្រឹក កំរៀងជាដើម ​ផ្តល់​បទ​សម្ភាសន៍ដល់​ភ្នាក់ងារសារព័ត៌មាន​កម្ពុជាថ្មី។

អ្នកស្រី សោ សុខារី ពលរដ្ឋ​រស់នៅស្រុកកំរៀង ខេត្ត​បាត់ដំបង​បានបញ្ជាក់ថា ក្នុងមួយថ្ងៃចរន្តអគ្គិសនីមានការដាច់​ជា​ញឹក​ញាប់ មានពេលខ្លះមានភ្លើងមិនបានប៉ុន្មាននាទីផងក៏ដាច់ទៅវិញទៀត មានន័យថាក្នុងមួយថ្ងៃៗចរន្តអគ្គិសនីដាច់​ជា​ញឹកញាប់ ហើយក៏ដាច់ជារៀងរាល់ថ្ងៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ការ​លើកឡើង​​របស់ពលរដ្ឋ​នេះដែរ មន្រ្តី​នៅ​ច្រក​ទ្វារព្រំដែន​​អន្តរជាតិ​ដូង​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ក៏អះអាង​ពីការ​ដាច់​ចរន្ត​អគ្កិសនី​ជាញឹកញាប់​​នៅតំបន់​ច្រកទ្វារព្រំដែន​ ដែលធ្វើ​ឲ្យ​ពិបាកក្នុងការ​បំពេញ​ការងារប្រចាំថ្ងៃ។

យ៉ាងណាមិញ ការ​រអាក់រអួល​នៃ​អគ្គិសនី​កើត​មាន​ឡើង​នៅ​តាម​គោលដៅតាម​តំបន់​​មួយ​ចំនួន​ក្នុង​ស្រុក​កំរៀង។ ដោយ​ឡែក​បណ្តា​ស្រុក​មួយ​ចំនួ​ន​ទៀតជាប់ព្រំដែន​ថៃ​​បើ​តាម​ពលរដ្ឋ​អះអាង​ថា ការ​ប្រើប្រាស់​​អគ្គិសនី​មិន​ជួប​បញ្ហា​អ្វី​នោះ​ទេ។

លោក មួន រិទ្ធិយ៉ា ពលរដ្ឋ​រស់នៅស្រុកសំពៅលូនបានលើកឡើងថា ចរន្តអគ្គិសនីដែលលោកប្រើប្រាស់រាល់ថ្ងៃ​នៅ​ស្រុកសំពៅលូនគឺពុំមានបញ្ហាអ្វីនោះទេ គឺមិនមានការរអាក់រអួលឡើយ។ ដោយឡែកលោក ផាន់ សារ៉េត ពលរដ្ឋ​មួយ​រូប​ទៀត​បានបញ្ជាក់ដែរថា សម្រាប់ចរន្តអគ្គិសនីនៅស្រុកភ្នំព្រឹកដែលលោកប្រើប្រាស់រាល់ថ្ងៃ ក៏ពុំមានការរអាក់រអួលអ្វីដែរ។

កាលពីរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាថ្មីបានសាកសួរតាមទូរសព្ទទៅលោក ជា ណាង ប្រធានអង្គភាពអគ្គិសនីបាត់ដំបង ដើម្បីចង់ដឹងអំពីបញ្ហាចរន្តដែលធ្វើទុក្ខបុកម្នេញទៅលើស្រុកកំរៀងដែលស្ថិតនៅក្បែរព្រំដែនកម្ពុជាថៃ ប៉ុន្តែក្រោយពីទទួលខ្សែទូរសព្ទលោកបានឆ្លើយយ៉ាងខ្លីថា “រឿងអីចឹង​ម៉េចមិនសួរទៅតំណាងចែកចាយ”។ បន្ទាប់មក​លោកក៏បានបិទទូរសព្ទតែម្ដង ដោយលោកមិនបានបកស្រាយអំពីបញ្ហាដែលកំពុងប្រឈមនោះឡើយ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម