Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ សម្រុកមកប្រទេសកម្ពុជាវិញកាន់តែច្រើនឡើង តាមច្រកទ្វារព្រំដែនអន្តរជាតិដូង

បានផុស

នៅ

ពលករខ្មែរ​បាន​ត្រឡប់​មក​ស្រុក​កំណើតវិញកាន់តែច្រើនឡើង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ តាម​ច្រកព្រំដែនអន្តរ ជាតិ”ដូង” ​ក្នុង​ស្រុក​កំរៀង ខណៈ​ការ​វិលត្រឡប់របស់​ពលករ​ខ្មែរ​មក​កម្ពុជាវិញ​នេះ ត្រូវ​បានលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនិងមន្ត្រីនៃមន្ទីរពាក់ព័ន្ធជាច្រើនទៀត បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត និងបាន​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​ស្រុកកំណើត​វិញដោយសុវត្ថិភាពរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករជាច្រើននាក់បាន​​ឱ្យ​ដឹងប្រហាក់ប្រហែលគ្នា​ថា ពួកគេ​បាន​សម្រុក​មក​ស្រុកកំណើតវិញនេះ ដោយ​បាន​ឃើញ​ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ទាំង​អស់វិលមកស្រុកកំណើតវិញ ដើម្បីកុំ​ឱ្យថៃធ្វើបាប និងមើលងាយ​មក​លើពលរដ្ឋ​កម្ពុជា​ដែល​ជាពលករ។

អ្នកស្រី សារឿម បានបញ្ជាក់ថា អ្នកស្រីពិតជាមានការកក់ក្តៅយ៉ាងខ្លាំងទៅលើការដឹករបស់សម្តេច ហ៊ុន ម៉ាណែត ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់សុខទុក្ខរបស់ពលករខ្មែរ។

សម្រាប់អ្នកស្រី សារឿម “ខ្ញុំក៏ដូចជាអ្នករួមការងារ នៅស្រុកថៃបានស្តាប់ការអំពាវនាវរបស់សម្តេច តេជោ ហ៊ុនសែន ក៏ដូចជា សម្តេច ហ៊ុន ម៉ាណែត ហើយគឺរំភើបចិត្ត ព្រោះសម្តេចថា កុំឱ្យគេធ្វើបាប និងមើលងាយពលករ​ខ្មែរ​យើង ទើប​នៅថ្ងៃទី៤ ខែសីហានេះ ពួកខ្ញុំបាននាំគ្នាត្រឡប់មកស្រុកវិញតែម្តង ហើយ​ពេលមកដល់ ក៏មាន​មន្ត្រី​ជា​ច្រើន​មកទទួល និងសួរសុខទុក្ខទៀត”។

បើតាមមន្ត្រីរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ក៏ដូច​ជាសម្តេចតេជោ ហ៊ុន សែន បាន​យក​ចិត្តទុកដាក់បំផុត ទៅលើ​សុខទុក្ខ​របស់​ពលករខ្មែរ​ទាំងអស់​ដែល​ជា​ពលករ​នៅប្រទេសថៃ ដោយ​ព្រួយ​បារម្ភ​អំពី​ការ​រើសអើង​ពី​ប្រជាជន​ថៃ ហើយធ្វើបាប ឬមើលងាយ​ទៅលើ​ប្រជាជន​កម្ពុជា ទើប​សម្តេចតេជោ និង​សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវ​ម្តងហើយម្តងទៀត ឱ្យបាន​ដឹង​ដល់​ពលករខ្មែរ​ទាំងអស់​នៅក្នុងប្រទេស​ថៃ ហើយ​ប្រញាប់​វិលម​ក​មាតុ​ប្រទេស​វិញជាបន្ទាន់ យោង​តាម​សភាពការ​ដែល​ភាគីថៃ​បាន​បង្ក​មកលើកម្ពុជា។

ទន្ទឹម​នេះ​ក្រៅពីទទួល និងបង្ក​លក្ខណៈ​ល្អសម្រាប់ពលករ ក៏បានផ្ដល់​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលករ ទៅ​ដល់​ស្រុក​កំណើតរៀងៗខ្លួន ជា​បន្តបន្ទាប់​ប្រកប​ដោយសុខសុវត្ថិភាពផងដែរ។ សម្រាប់​ការទទួល​ពលករនេះ រដ្ឋបាល​ខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុម​គ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជា​បានជួយសម្របសម្រួល​ជញ្ជូនអីវ៉ាន់ ការរៀបចំ​សណ្ដាប់ធ្នាប់ ការពិនិត្យ​ព្យាបាល​បឋម ការរៀបចំ​មណ្ឌល​សំចត ផ្ដល់​អាហារ​សម្រន់ និង​ការ​ប្រឹក្សា​ផ្សេងៗផងដែរ។

បើតាមលោក សុខ លូ អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគី​ពាក់ព័ន្ធទាំង​អស់ដែលកំពុង​ប្រចាំការនៅ​ច្រកទ្វារ​ព្រំដែន អន្តរជាតិដូង ស្រុកកំរៀង ត្រូវ​បន្តខិត​ខំយក​ចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល និងជួយ​សម្របសម្រួល​ដំណើរ​វិលត្រឡប់ របស់​ពលករខ្មែរមកពីប្រទេសថៃ ឱ្យបានកាន់តែប្រសើ ដើម្បីឱ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ប្រកប​ដោយសុវត្ថិភាព​គ្រប់ៗគ្នា។

បើគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ មានពលរដ្ឋ និងពលករខ្មែរវិលចូលស្រុកវិញប្រមាណ ៤៣ម៉ឺននាក់៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម