Connect with us

ព័ត៌មានជាតិ

ពលករខ្មែរត្រឡប់ពីថៃ ចែករំលែកបទពិសោធថៅកែថៃប្រើកម្មករដូចសត្វគោ ក្របី និងមិនឱ្យតម្លៃខ្មែរ

បានផុស

នៅ

ពលករខ្មែរដែលទើបត្រឡប់ពីថៃវិលចូលស្រុកកំណើត បានចែកលែកបទពិសោធដែលថៅកែជនជាតិថៃមើលងាយ និងមិនឱ្យតម្លៃកម្មករជនជាតិខ្មែរ ជាពិសេសនោះប្រើពួកគេដូចទាសករ សត្វគោ ក្របី។ លោក ម៉ាត់ វណ្ណា អាយុ៥២ឆ្នាំ មានស្រុក​កំណើតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរៀបរាប់ថា អំឡុងពេលធ្វើការនៅថៃក្នុងនាមជាកម្មករនៅក្នុងរោងចក្រឡឥដ្ឋ ត្រូវបានថៅកែស្តីបន្ទោសជាញឹកញាប់ និងមិនឱ្យតម្លៃជនជាតិខ្មែរឡើយ។ ប៉ុន្តែដោយសារជីវភាពក៏បង្ខំចិត្តបន្តធ្វើការនៅទីនោះរហូតមានផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ទើបសម្រេចចិត្តវិលចូលស្រុកកំណើតិវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងប្រាប់ទាំងអួលដើមករថា៖«ការចេញពីស្រុកកំណើតទៅធ្វើការនៅឯប្រទេសថៃថ្វីបើប្រាក់ខែលើសនៅក្នុងប្រទេសកម្ពុជាបន្តិចបន្តួចមែន ប៉ុន្តែថៅកែថៃប្រើកម្មករជនជាតិខ្មែរដូចទាសករប្រៀបដូចគោក្របីមិនសូវឲ្យតម្លៃខ្មែរយើងប៉ុន្មាននោះទេ ប៉ុន្តែដោយសារគ្មានជម្រើសចេះតែទ្រាំធ្វើនៅទីនោះ»។

យ៉ាងណាមិញ ក្រោយវិលត្រឡប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ ពលករ មាត់ វណ្ណា ប្រាប់ថា រូបគាត់និងក្រុមគ្រួសារសម្រេចចិត្តមិនត្រឡប់ទៅប្រទេសថៃវិញនោះទេ ដោយនឹងខិតខំស្វែងការងារធ្វើនៅប្រទេសកម្ពុជា។ មុនពេលចាកចេញទៅធ្វើការនៅឯប្រទេសថៃ លោក វណ្ណា ប្រកបមុខរបរកសិកម្មធ្វើស្រែចម្ការ ប៉ុន្តែដោយសារមុខរបរនេះមិនសូវអំណោយផល ទើបលោកសម្រេចចិត្តទៅស្វែងការងារធ្វើនៅប្រទេសថៃ ចាប់តាំងពីឆ្នាំ ២០១៥ ដែលគិតមកដល់បច្ចុប្បន្ននេះមានរយៈពេល ១០ឆ្នាំហើយ។

បើតាមពលករដដែលរូបនេះ ជាការកត់សម្គាល់អំឡុងពេលស្នាក់នៅក្នុងភូមិឋានរបស់ខ្លួនរយៈពេលប៉ុន្មានថ្ងៃមកនេះលោកមានអារម្មណ៍ស្រស់ស្រាយជាងនៅប្រទេសថៃ ជាពិសេសសង្កេតឃើញមានសកម្មភាពលក់ដូរច្រើន និងឱកាសការងារមានច្រើនជាងមុន។ ក្នុងនាមពលករដែលធ្វើនៅថៃរយៈពេល ១០ឆ្នាំមកនេះ ក៏បានផ្ដាំផ្ញើទៅដល់ពលករផ្សេងទៀតដែលកំពុងស្នាក់នៅប្រទេសថៃ មេត្តាប្រញាប់ត្រឡប់មកស្រុកកំណើតរបស់វិញ បើពុំនោះទេប្រឈមនឹងការរើសអើង និងធ្វើបាបពីសំណាក់ក្រុមជ្រុលនិយមនៅថៃ។

ជាមួយគ្នានេះ ពលករ ម៉ាត់ វណ្ណា ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានសម្របសម្រួលថ្លៃហូបចុក ការដឹកជញ្ជូនពលករទៅកាន់ស្រុកកំណើត និងផ្តល់ឱកាសការងារ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម