Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងផ្តល់ប្រាក់ឧបត្ថម្ភ និងកន្លែងស្នាក់នៅដល់បេក្ខជនភៀសសឹកប្រឡងបាក់ឌុប

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងបាក់ឌុបដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ នាឱកាសដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ជាពិសេសសម្រាប់បេក្ខជនប្រឡង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ១៣​​ ខែសីហា ឆ្នាំ ២០២៥។

ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

លោកក៏បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបាន
រលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

ជាមួយគ្នានេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។

សូមជម្រាបថា ក្រសួងអប់រំ នឹងបិទផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅតាមមណ្ឌលប្រឡងនានានៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ៩ ព្រឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម