Connect with us

ព័ត៌មានជាតិ

ក្រោយការសន្ទនារវាងនាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី, ក្រុមសង្កេតការណ៍បន្តចុះមើលស្ថានភាពនៅខេត្តព្រះវិហារ

បានផុស

នៅ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តចុះទៅកាន់ខេត្តព្រះវិហារ ដើម្បីមើលជាក់ស្ដែងជុំវិញស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ ពិសេសលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ នេះជាការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា នៅព្រឹកនេះក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន។ ប្រទេសទាំង៥ ដែលចុះសង្កេតការណ៍ថ្ងៃនេះ មានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី។

ជាការកត់សម្គាល់នោះ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ក៏បានជួបសន្ទនាតាមប្រព័ន្ធទូរសព្ទជាថ្មីម្ដងទៀតជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបន្ទាប់មក លោក អាន់វ៉ា ក៏ទាក់ទងទៅកាន់នាយករដ្ឋមន្ត្រីស្ដីទីថៃដូចគ្នានេះផងដែរដោយបានជជែកគ្នាអំពីការវិវត្តនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ។

តាមខ្លឹមសារលើបណ្ដាញសង្គមរបស់លោក អាន់វ៉ា គឺទាំងការសន្ទនាជាមួយសម្ដេចធិបតី និងការសន្ទានាជាមួយនាយករដ្ឋមន្ត្ត្រីស្ដីទីថៃ គឺបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ និងបានជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានជាផ្លូវការ (AOT) ឱ្យបានឆាប់រហ័ស ដែលទាំងពីរនេះ គឺជាយន្តការសំខាន់សម្រាប់តាមដាន និងត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

ជំនួបសន្ទនារវាងប្រធានអាស៊ានជាមួយមេដឹកនាំកម្ពុជា និងថៃនេះត្រូវបានគេមើលឃើញថាធ្វើឡើងបន្ទាប់ពីហេតុការណ៍ដែលយោធាថៃបានដឹកនាំក្រុមសង្កេតការណ៍អន្តរកាលដែលជាអនុព័ន្ធយោធាមកពីប្រទេសអាស៊ានចំនួន៨ ចូលមកក្នុងទឹកដីរបស់កម្ពុជា តំបន់ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយថៃមិនបានជូនដំណឹងដល់ភាគីកម្ពុជា ឱ្យបានដឹងជាមុនឡើយ។ សម្រាប់ដំណើរចុះរបស់ក្រុមអ្នកសង្កេតការណ៍នៅកម្ពុជាថ្ងៃនេះ អាចជាការឆ្លើយតបនឹងហេតុការណ៍នេះផងដែរ ដើម្បីត្រួតពិនិត្យមើលជាក់ស្ដែង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម