Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ ជំរុញឱ្យសាងសង់អគារសិក្សាបណ្តោះអាសន្ននៅព្រំដែនទាន់ពេលបើកបវេសនកាល

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំឱ្យក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងជាក់ស្តែងនូវអគារសិក្សាដែលរងផល់ប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យសាងសង់អគារសិក្សាបណ្តោះអាសន្ន ដើម្បីឱ្យទាន់ការបើកបវេសនកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងនាឱកាសលោករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង។ ទន្ទឹមនេះក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោងសាងសង់អគារសិក្សាបណ្តោះអាសន្នដែលរងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួចមក លោក ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍​មួយចំនួនឱ្យក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក។

លោកបានណែនាំឱ្យក្រុមការងារត្រៀមឱ្យរួចជាស្រេចនូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល និងស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសំអាតមីននៅតាមសាលារៀនដែលរងប៉ះពាល់។
លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទួលសុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន។ លើពីនេះ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។

ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តីជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់បន្តអនុវត្តការងារនេះជាអាទិភាពទៅតាមជំនាញរៀងៗខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥ – ២០២៦នេះ ដោយក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព។

គ្រឹស្ថានអប់រំកម្រិតមធ្យមសិក្សាទាំងអស់ នឹងត្រូវបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ២០២៦។ បើតាមលោក ហង់ជួន ណារ៉ុន ក្រសួងអប់រំ បានត្រៀមថវិកា កន្លះលានដុល្លារ ដើម្បីជួសជុលសាលារៀនដែលរងការខូចខាតពីយោធាថៃឈ្លានពាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម