Connect with us

ព័ត៌មានជាតិ

ឧកញ៉ា កែវ មុំ ចែករំលែកបទពិសោធជួបផ្ទាល់ក្រុមបរទេសប្រើល្បិចបោកប្រាស់លាងលុយ និងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន

បានផុស

នៅ

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វូត បានចែករំលែកពីបទពិសោធដែលជួបផ្ទាល់ខ្លួនថ្មីៗ លើបណ្តាញសង្គម នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ពីបក្សពួកបរទេសស្បែកខ្មៅ ឆបោកជាក្រុម ប្រើល្បិចចង់សុំកិច្ចសហការវិនិយោគជាមួយគ្នា និងឱ្យដាក់លុយវិនិយោគមុនក្នុងទំហំតិច ដើម្បីទទួលបានមកវិញនូវទឹកប្រាក់ច្រើនជាងប្រាក់ដើម។ ឧកញ៉ា កែវ មុំ ក៏ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់របស់ក្រុមទាំងនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា កែវ មុំ បានចែករំលែកថា មានបក្សពួកបរទេសមួយក្រុម បានសម្តែង ជាមន្ត្រីនៅស្ថានទូត ចង់សហការវិនិយោគផលិត ផលិតផលខ្មែរនាំចេញទៅក្រៅប្រទេស។ បន្ទាប់មក ក៏មានបក្សពួកបរទេស ជាជនជាតិស្បែកខ្មៅ ផ្សេងទៀតបានមកជួបជាមួយ ឧកញ៉ា កែវ មុំ និងប្រាប់ថា អ្នកដែលចង់វិនិយោគនោះ មានលុយសុទ្ធ ១០លានដុល្លារ នៅកម្ពុជារួចជាស្រេច និងចង់ធ្វើការវិនិយោគលើការផលិតម្រេចកំពតនាំចេញទៅបរទេស ក្នុងនាមជាអ្នកវិនិយោគលាក់មុខ ព្រោះជនជាតិបរទេសនោះអះអាងថា ជាមន្ត្រីស្ថានទូត មិនអាចធ្វើជំនួញដោយខ្លួនឯងបានទេ។ ក្រុមឆបោកនោះ បានឧទាហរណ៍ក្រដាសប្រាក់១០០ដុល្លារ ១សន្លឹក យកមកបំបែកប្រាក់ ១០០ដុល្លារ ៤សន្លឹកដែលបិតតគ្នា គ្រាន់តែចាក់ម្សៅ ទឹកថ្នាំ និងទឹកសុទ្ធចូល លុយដែលបិតតគ្នានោះក៏របូតចេញយ៉ាងស្រួល។ ត្រង់ចំណុចនេះ ក្រុមឆបោកបញ្ចុះបញ្ចូលថា ចំពោះលុយ១០លានដុល្លារ ដែលខ្លួនមាន គឺចង់ដាក់វិនិយោគទាំងអស់ ​ប៉ុន្តែ ត្រូវការលុយសុទ្ធរបស់ឧកញ៉ា កែវ មុំ ២លានដុល្លារ ដើម្បីអាចបំបែកលុយ ១០លានដុល្លារនោះអស់ និងបានច្រើនមកវិញ ហើយលុយដែលបំបែកចេញរួចនោះ គេនឹងចែកឱ្យ ២៥% ជាការតបស្នងដែលឧកញ៉ា បានចេញទុន២លានមុន ហើយសល់ ៧៥% យកមកវិនិយោគជាមួយគ្នាបន្តទៀត។

ក្រោយពីបានឃើញពីសកម្មភាពទាំងនេះ ឧកញ៉ា កែវ មុំ បានលើកឡើងថា សម្រាប់អ្នកដែលធ្លាប់ចាញ់បោកពួកគេ នឹងគិតថា ជាការសៀក ឬការបន្លំភ្នែក ប៉ុន្តែ នេះគឺជាការ បោកប្រាស់ ទៅវិញទេ។ ឧកញ៉ា ក៏ឱ្យមហាជនពិចារណាថា គ្រាន់តែយកលុយ ១០០ដុល្លារយកមកលាង រួចបញ្ចេញបាន ៤០០ដុល្លារ ហេតុអ្វីក្រុមនោះមិនលាងដោយខ្លួនឯង ចាំបាច់មកយកលុយដុល្លារយើងធ្វើអី? ឧកញ៉ា កែវ មុំ ក៏ស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទាំងនេះផងដែរ។

ក្នុងសំណេរ បញ្ជាក់ដែរថា៖ “ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថា: វាមិនមែនជាការស្ពិនភ្នែក ឬ សៀករហស្សសកម្មស្អីទេ វាជាល្បិចឆបោកអ្នកដែលលោភលន់តែប៉ុណ្ណោះ “ល្បិចនេះគឺស្រាលពេកហើយសូម្បីតែកូនក្មេងក៏ដឹងល្បិចវាដែរ ព្រោះកូនក្មេងមិនចេះលោភលន់ដូច្នេះមើលឃើញយ៉ាងច្បាស់នូវល្បិចកលនេះយ៉ាងច្បាស់ក្រឡែត ។ កន្លងមកមានបងប្អូនយើងចាញ់បោកពួកអាខ្មៅនេះច្រើនណាស់រាប់សែនដុល្លារ រាប់លានដុល្លារមិនតិចទេ។ ហើយមិនហ៊ានបញ្ចេញទៀត”។

បន្ថែមពីការចែករំលែក និងការដាស់តឿន ឧកញ៉ា កែវ មុំ ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច ចាត់វិធានការឱ្យបានទាន់ពេលវេលាចំពោះក្រុមបរទេសដែលឆបោកបែបនេះ ដើម្បីសន្តិសុខជាតិ និងសុខមាលភាពប្រជាជនកម្ពុជា។

ពាក់ព័ន្ធករណីឆបោកពីជនបរទេសក្រោមរូបភាពលាងលុយបែបនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់ផុសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថា លោកក៏ធ្លាប់ណែនាំ និងផ្សព្វផ្សាយជាច្រើនដង ពីការបោកប្រាស់របស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិខ្លួនជាច្រើន។ លោកបានរម្លឹកដល់ពលរដ្ឋជារឿយៗ កុំឱ្យប្រជាជនលោភលន់ខ្លាំងពេក នាំឱ្យខ្វះការពិចារណា និងការត្រិះរិះ។ តាមហេតុការណ៍បោកប្រាស់ ស្រដៀងនឹងការបោកប្រាស់ដែល ឧកញ៉ា កែវ មុំ ជួបនោះ លោក បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិស្បែកខ្មៅ ២នាក់កសាងសំណុំរឿងទៅតុលាការ បន្ទាប់ពីបោកប្រាស់ជនរងគ្រោះ បន្តិចម្តងៗរហូត អស់៧លានដុល្លារអាមេរិក។  

លោកក៏បានសរសេរអំពាវនាវពលរដ្ឋថា៖ “ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់”៕

ខាងក្រោមនេះ ជាការផុសរបស់ ឧកញ៉ា កែវ មុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម