Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹកណែនាំថ្នាំដឹកនាំក្រសួងសហការជាមួយមន្ទីររាជធានី ខេត្ត តាមដានស្ថានភាពទឹកដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយ

បានផុស

នៅ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួងត្រូវសហការជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តគោលដៅ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនេះធ្វើឡើងនៅពេលលោករដ្ឋមន្ត្រីដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួងនៅតាមមុខព្រួញត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តគោលដៅ ក្នុងការចុះតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។

បើតាមក្រសួងធនធានទឹក កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះរួមមាន ទី១)ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង ០,៩០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ២០,០០ម៉ែត្រ។ ទី២)ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៤,១០ម៉ែត្រ កើនឡើង ០,៦០ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៨,០០ម៉ែត្រ។ ទី៣)ស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៩ ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ។ និងទី៤)ទំនប់៧មករា ទឹកមានកម្ពស់ ១១,៨៥ម៉ែត្រ ស្រកចុះ ០,០៧ម៉ែត្រ ខណៈកម្ពស់ប្រកាសប្រុងប្រយ័ត្ន ១២,៤០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ហើយដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនមានការកើនឡើង ដែលតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម