Connect with us

ព័ត៌មានជាតិ

ហិង្សាបង្កដោយភាគីថៃនៅភូមិព្រៃចាន់ បណ្ដាលឱ្យរបួសកងទ័ព ព្រះសង្ឃ ពលរដ្ឋកម្ពុជា២៩នាក់

បានផុស

នៅ

អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃ បានបង្កឱ្យមានគ្រោះថ្នាក់ដល់កងទ័ព ព្រះសង្ឃ និងពលរដ្ឋកម្ពុជាប្រមាណ២៩នាក់។ នេះបើតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បង្ហាញឱ្យដឹងថា ក្នុងចំណោមវីរ:កងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលរងរបួសធ្ងន់-ស្រាលសរុបចំនួន២៩នាក់ គឺមានស្រី២នាក់ ហើយក្នុងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ចំនួន៤នាក់ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះអង្គឌួងចំនួន១នាក់ ជាវីរៈកងទ័ព ដែលរងរបួសត្រង់ភ្នែក។

លោកប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់អំពីការខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាដោយបុរេសកម្ម  ក្នុងនាមជាក្រុមគ្រូពេទ្យ និងជាកងទ័ពអាវស ដើម្បីជួយសង្គ្រោះ និងព្យាបាលដល់អ្នកជំងឺ ជាវីរ:កងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋ។

គួរជម្រាបថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងរបស់ថៃបានបន្តសកម្មភាពចូលរាយបន្លាលួសសារជាថ្មីលើដីកម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនកម្ពុជាធ្វើការតវ៉ា។ ប៉ុន្តែជាអកុសល កម្លាំងចម្រុះថៃប្រដាប់ដោយអាវុធគ្រប់ដៃ បានប្រើអំពើហឹង្សាយ៉ាងឃោរឃៅមកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដោយបាញ់ផ្សែងពុលប៉ះពាល់ដល់ប្រពន្ធ័ផ្លូវដង្ហើម ស្រវាំងភ្នែក ថប់ដង្ហើម និងបាញ់កាំភ្លើង និងគ្រាប់ជំពាមកៅស៊ូ ធ្វើឱ្យរបួសស្រាល និងធ្ងន់។ មិនតែប៉ុណ្ណោះ កម្លាំងចម្រុះថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ប៉ះពាល់ដល់ប្រពន្ធ័ប្រាសាទ និងប៉ះក្រដាសត្រចៀកផងដែរ។

ទង្វើរបស់កម្លាំងចម្រុះថៃពេលនេះ ត្រូវបានគេមើលឃើញថា កំពុងរំលោភបទឈប់បាញ់ ហើយនេះជាអំពើដ៏ឃោរឃៅ និង អមនុស្សធម៌មកលើប្រជាជនកម្ពុជាស្លូតត្រង់ ដែលគ្មានអាវុធក្នុងដៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម