Connect with us

ព័ត៌មានជាតិ

សម្តេច​ធិបតី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ស្មារតី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

បានផុស

នៅ

ក្នុង​ឱកាស​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ប្រពៃណី​ជាតិ​​ដ៏​ធំ ប្រមុខ​មេ​ដឹកនាំ​កម្ពុជា​បាន​ថ្លែង​សារ​ចូលរួម​អបអរ​ថ្ងៃ​ដ៏​ពិសេស​នៃ​ពិធី​បុណ្យ​ជាតិ​ជា​ប្រពៃណី​នេះ។

ខណៈ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ប្រព្រឹត្តិ​ទៅ​ត្រូវ​ថ្ងៃ​ច័ន្ទ ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២៥ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​រួម​គ្នា​ជា​ធ្លុង​មួយ​ ក្នុង​ស្មារតី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិប្រកប​ដោយ​ភក្តីភាព​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ពេលវេលា​ដែល​ពលរដ្ឋ​ទូទាំង​ប្រទេស​ ត្រូវ​​ធ្វើ​បុណ្យ​ឧទ្ទិស​កោសល្យ​ជូន​ញាតិកា​ដែល​បាន​ចែក​ឋាន ក៏​ដូចជា​ការ​ជួបជុំ​សាច់ញាតិ​បងប្អូន​ជិត​ឆ្ងាយ សម្តេច​ធិបតី​ក៏​បាន​ថ្លែង​​អំណរគុណ​និង​​​ដឹងគុណ​ដល់​​វីរ​កងទ័ព​​ដែល​​​កំពុង​ទទួល​ភារកិច្ច​ថែរក្សា​ការពារ​ទឹកដី​ជូនជាតិ​មាតុភូមិ​​​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ហើយ​ដែល​​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​សាច់ញាតិ​ក្នុង​ឱកាស​​ថ្ងៃ​ជួបជុំ​ដ៏​រីករាយ​នៃ​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​។

ជាមួយ​គ្នា​នេះ​ សម្តេច​នាយករដ្ឋមន្ត្រី​ក៏​រំលឹក​​ពី​យោធិន​​ខ្មែរ​ទាំង ១៨ នាក់ ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ដោយ​ភាគី​ថៃ ដែល​រដ្ឋាភិបាល​មិនដែល​ភ្លេច​​ឡើយ និង​កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​ការទូតនិង​ផ្លូវ​ច្បាប់ ដើម្បី​នាំ​​ឲ្យមាន​ការ​ដោះលែង​និង​ការ​ធ្វើ​មាតុភូមិ​និវត្ត​មក​ជួបជុំ​គ្រួសារ​​ឲ្យ​​បាន​ឆាប់​រហ័ស​បំផុត​ និង​ប្រកប​ដោយ​សុវត្ថិភាព។

បន្ថែមពីនេះ សម្តេច​ក៏​បានលើកឡើង​​ចំពោះ​ស្មារតី​ស្រលាញ់ជាតិ​មាតុភូមិ​របស់​ពលរដ្ឋ​គ្រប់​ទិសទី ដែលបាន​​រួមចំណែក​ទាំង​កម្លាំង​កាយ​ចិត្ត និង​ថវិកា ក្នុង​ការ​ជួយ​​ជន​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។

ពាក់ព័ន្ធ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ សម្តេច​បាន​លើក​ឡើង​ពី​ការប្រើប្រាស់​យន្តការ​ដោះស្រាយ​ដោយ​​សន្តិវិធី ផ្អែក​​តាម​ការ​ទូតនិង​តាម​ច្បាប់​អន្តរជាតិ។

សម្តេច​ថា សង្រ្គាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​នោះ​ទេ​។ មានតែ​ការ​ជ្រើសរើស​ដោះស្រាយ​ផ្អែក​លើ​ច្បាប់ មិត្តភាព និង​ការ​យោគយល់​គ្នា​តែ​ប៉ុណ្ណោះ ទើប​បញ្ចៀស​បាន​ការ​ខូចខាត​និង​ការ​បាត់បង់អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

សម្តេច​បាន​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ និង​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​ជឿជាក់​លើ​រដ្ឋាភិបាល ក្នុងកិច្ច​​ការពារ​​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាជន និង​ការ​​នាំ​មាគ៌ា​កម្ពុជា​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ​និង​ប្រកប​ដោយ​​វិបុលភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម