នយោបាយ
ថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាប្រឈមណាមួយឡើយ
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស ហើយការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង៧ព្រឹក និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។

តាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល៥០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល៖
ទី១- សម្រាប់ ១៥ថ្ងៃដំបូង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់។
ទី២- រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នីមួយៗ។

ទី៣- នៅរយៈពេល ១០ថ្ងៃចុងក្រោយ នៅថ្ងៃទី២១ ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។
ដោយឡែករៀងរាល់១៥ថ្ងៃម្ដង ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃ ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ។ តាមប្រតិទិនការងារ ការបិទការិយាល័យ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា រយៈពេលនៃការចល័តក្រុមចុះឈ្មោះបោះឆ្នោតទៅតាមភូមិក្នុងឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្ត្រ និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងប្រកបដោយសុវត្ថិភាព។
យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២១ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១.៦៣៥.៩៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣.០៤៣ នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣.៦១១ ការិយាល័យ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


