នយោបាយ
សារពិសេស! លោក ហ៊ុន ម៉ាណែត បបួល លោក សម រង្ស៊ី ភ្នាល់គ្នាដាក់«អនាគត» រឿងសញ្ញាប័ត្រ
លោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បានចេញមកបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងអតីតមេបក្សប្រឆាំងរូបនេះចោទថា សញ្ញាប័ត្ររបស់លោកមិនមានតម្លៃពេញលេញ។ លោក ហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៊ី ថា បើការលើកឡើងរបស់លោកសម រង្ស៊ី ជាការពិត លោកនឹងលាឈប់ពីតំណែងជា«បេក្ខភាពនាយករដ្ឋមន្រ្តី»។ ប៉ុន្តែ បើលោកសម រង្ស៊ី ចាញ់វិញ គឺត្រូវលាឈប់ពី«ឆាកនយោបាយ»។

ការចេញមកបបួលលោក សម រង្ស៊ី ភ្នាល់នេះ គឺបន្ទាប់ពីអ្នកនយោបាយអតីតបក្សប្រឆាំងចាស់វស្សារូបនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងឡុងប៊ិច ធ្លាប់បាននិយាយមើលងាយថា សញ្ញាប័ត្ររបស់លោកហ៊ុន ម៉ាណែតពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាប័ត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដូច្នេះហើយ ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្លួន ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក លោក ហ៊ុន ម៉ាណែត បានទាមទាឲ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ក្នុងការការពារនូវពាក្យសម្តីក្នុងចេតនាមាក់ងាយរបស់គាត់តាមរយៈការភ្នាល់គ្នា។
ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា «មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»។ លោក ហ៊ុន ម៉ាណែត បានចំអកថា អ្វីដែលលោកស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហាន ដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាររូបលោករឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថា សាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ ឲ្យនិស្សិតទាំងនោះ។ លោកថា ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេសនោះ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖« ជាថ្មីម្ដងទៀត ដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថា លោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)»។
លក្ខខណ្ឌនៃការភ្នាល់នេះ គឺ លោក ហ៊ុន ម៉ាណែត បានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ បើសិនជាលោក សម រង្ស៊ី អាចឲ្យសាលាទាំងបីនេះបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះ គឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាប័ត្រឱ្យលោក ហ៊ុន ម៉ាណែត ដែលជាសញ្ញាប័ត្រប្រភេទ២ ឬសញ្ញាប័ត្រយោគយល់ រូបលោក នឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ផ្ទុយទៅវិញ បើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះ ផ្តល់ឲ្យលោក ហ៊ុន ម៉ាណែត ជាសញ្ញាប័ត្រប្រភេទ២ ឬសញ្ញាប័ត្រយោគយល់ទេនោះ សូមលោក សម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖«ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីឲ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំឲ្យលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនឲ្យបញ្ជាក់ការពិត។ តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?»។
លោក សង្ឃឹមថា លោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។ លោក ហ៊ុន ម៉ាណែត ក៏សង្ឃឹមថា អ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបលោកនេះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ