«គួរឱ្យហួសចិត្ត និងអស់សំណើចបំផុតដែលលោក សម រង្ស៉ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុ និងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត»។ នេះ គឺជាការសរសេរបរិហារយ៉ាងចាស់ដៃរបស់លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា ទៅលើលោក សម រង្ស៊ី។
ការបរិហារនេះ គឺបន្ទាប់ពីលោក សម រង្ស៉ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានមុខប្រកាសចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ សម្រាប់លោក មុត ចន្ថា ប្រសិនជាប្រជាពលរដ្ឋខ្មែរមិនបានដឹងពីសារធាតុ និងចរិតកំសាកពីធម្មជាតិរបស់លោក សម រង្ស៊ីទេ ម្លេះគេអាចយល់ច្រឡំថា គាត់ជាមនុស្សក្លាហាន តែតាមពិតគាត់គ្រាន់តែជាមនុស្សក្លានហានអណ្តើកក្នុងស្នូក ដែលមិនដែលហ៊ានប្រថុយ ឬផ្សងគ្រោះថ្នាក់ម្តងណាឡើយ។
តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃសុក្រម្សិលមិញ លោក មុត ចន្ថា បានអះអាងថា លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសជាច្រើនបទឧក្រិដ្ឋដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង ៤០ឆ្នាំ ក្នុងរយៈពេល ៤ឆ្នាំមកនេះ។ ប៉ុន្តែគាត់មិនដែលមានភាពក្លាហានសុំចូលខ្លួនឱ្យតុលាការកាត់ទោសដោយផ្ទាល់ម្តងណាឡើយ។ ចំណែក ការកាត់ទោសកាលពីអតីតកាល ក៏គាត់មិនមានភាពក្លាហានបង្ហាញវត្តមាននៅក្នុងតុលាការដូចគ្នា។ ផ្ទុយទៅវិញ គាត់គិតតែពីរត់គេចខ្លួនទៅសម្ងំយកសុខ យកស្រួល ក្រោមលេសចោទថាតុលាការទេឡេ។ ម្យ៉ាងវិញទៀត សំណុំរឿងព្រហ្មទណ្ឌត្រូវបានបំបែកចេញពីសំណុំរឿងក្តីរបស់លោក កឹម សុខា ក៏លោក សម រង្ស៉ី និងគូកនរបស់គាត់ ដែលតុលាការបានកោះហៅគាត់ និងគូកនឱ្យចូលខ្លួនមកកាន់តុលាការ ដើម្បីទទួលការកាត់ទោស គឺពួកគាត់មិនដែលហ៊ានបង្ហាញមុខម្តងណាឡើយ បែរជាធ្វើពុតចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសនៅពេលនេះ។
ត្រង់ចំណុចនេះ លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា ៖ «កុំធ្វើជាអ្នកក្លាហានដូចអណ្តើកក្នុងស្នូក! បោកៗៗៗ! លោក សម រង្ស៉ី កំពុងព្យាយាមដោយចេតនាទុច្ចរិត ដើម្បីទាញភ្ជាប់ ឯកឧត្តម កឹម សុខា ជាមួយអំពើល្មើសច្បាប់ថ្មីៗជាច្រើនរបស់គាត់ ខណៈដែល ឯកឧត្តម កឹម សុខា មិនដែលចូលរួម ឬមិនដែលគាំទ្រ និងថែមទាំងថ្កោលទោសយ៉ាងដាច់ខាតទៀតនោះ។ លោក សម រង្ស៉ី បានបង្កើតពាក្យស្លោកដោយអត្តនោម័តិ គឺ «សម រង្ស៉ី – កឹម សុខា ជាមនុស្សតែមួយ» ដើម្បីបន្លំនិងបំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ ក្នុងគោលបំណងបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន»។
បើតាម លោក មុត ចន្ថា ជាគោលការណ៍នីត្យានុកូលភាព ទង្វើខុសច្បាប់របស់អ្នកណាទោះស្ថិតក្នុងដំណាក់កាលចោទប្រកាន់ អ្នកនោះត្រូវប្រឈមដោយមិនអាចប្តូរមនុស្សផ្សេងឱ្យមកទទួលជំនួសបាននោះទេ។ ដូច្នេះ អ្វីដែលលោក សម រង្ស៉ី ប្រកាសចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស គឺជាអំពើល្ងង់ខ្លៅខាងចំណេះដឹងច្បាប់ ឬគាត់ធ្វើពុតចង់បង្ហាញភក្តីភាពក្លែងក្លាយចំពោះលោក កឹម សុខា ដើម្បីបិទបាំងភាពកំសាករបស់គាត់ ដែលរត់ចោលជាតិ និងអ្នកគាំទ្រទៅរស់សម្ងំយកសុខយកស្រួលនៅក្រៅប្រទេស ដើម្បីបោកប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ ប្រសិនជាលោក សម រង្ស៉ី ក្លាហានប្រាកដមែន គួរដើរចូលពន្ធនាគារ ដើម្បីបំពេញទោសជាង ៤០ឆ្នាំដែលតុលាការបានកាត់រួចហើយនោះ និងប្រឈមនឹងការកាត់ទោសចំពោះសំណុំរឿងឧក្រិដ្ឋផ្សេងទៀត ដោយមិនចាំបាច់ធ្វើពុតជាក្លាហានក្លែងក្លាយចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសលោក កឹម សុខា ឡើយ។
សូមបញ្ជាក់ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងបើកបន្តសវនាការរបស់លោកកឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្អាកជិត២ឆ្នាំកន្លងទៅ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោកកឹម សុខា ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ វណ្ណ សុគន្ធា