Connect with us

នយោបាយ

គណបក្សនយោបាយ ស្វាគមន៍ចំពោះការណែនាំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់អាជ្ញាធរមូលដ្ឋាន

បានផុស

នៅ

គណបក្សនយោបាយ បានបង្ហាញការស្វាគមន៍ និងចាត់ទុកថា ជារឿងដ៏ត្រឹមត្រូវមួយ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ នៅក្នុងការធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋាន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០​២២​​កន្លងទៅនេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជី នៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ អាណត្តិទី ៧ ឆ្នាំ ២០២៣។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែកុម្ភៈនេះថា លោកសូមស្វាគមន៍ ចំពោះការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ឲ្យបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ចំពោះការធ្វើសកម្មភាព ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍បន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវអនុវត្តនូវបទបញ្ជា និងសេចក្ដីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីព្រោះការធ្វើសកម្មភាពនយោបាយ របស់គណបក្សនយោបាយ ដែលបានចុះឈ្មោះ​ក្នុងបញ្ជី នៅក្រសួងមហាផ្ទៃ គឺស្របទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា «អាជ្ញាធរមូលដ្ឋាន មានកាតព្វកិច្ចការពារ គ្រប់គណបក្សនយោ​បាយទាំងអស់ ហើយអាជ្ញាធរមូលដ្ឋាន ពុំគួរធ្វើសកម្មភាពរារាំង សកម្មភាពរបស់គណបក្សទេ អញ្ចឹងធ្វើយ៉ាងណា ដើម្បីឲ្យការបោះឆ្នោតរលូនបាន លុះត្រាតែអាជ្ញាធរស្គាល់ កាតព្វកិច្ចខ្លួនឯងច្បាស់ ក្នុងការគាំពារ គណបក្សនយោបាយទាំងអស់»។

លោក​ ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានលើកឡើងដែរថា ការចេញសេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីឲ្យបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាននោះ គឺរឿងដ៏ត្រឹមត្រូវមួយ ដើម្បីឲ្យអាជ្ញាធរអនុវត្តច្បាប់ ស្ដីពី គណបក្សនយោបាយ, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់, ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ, និងនីតិវិធីនៃការបោះឆ្នោតជាដើម។

ជាមួយគ្នានេះ លោក ខឺយ ស៊ីនឿន សង្ឃឹមថា អាជ្ញាធររាជធានី-ខេត្តទាំងអស់ នឹងអនុវត្តឲ្យបានត្រឹមត្រូវ នូវសេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីពេលថ្មីៗនេះ។ លោកថា «ខ្ញុំយល់ថា ប្រសិនជាអាជ្ញាធរថ្នាក់ក្រោមជាតិ លោកគោរពទៅតាមសេចក្ដីណែនាំ ៣១៦ សជណនេះ យើងសង្ឃឹមថា នឹងមានប្រសិទ្ធភាព ហើយអនុវត្តទាំងអស់គ្នា»។

នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដល់អភិបាលរាជធានី-ខេត្ត ជ្រាប និងត្រូវចាត់ចែងផ្សព្វផ្សាយ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីផ្ដល់កិច្ចសហការគាំទ្រ និងសម្របសម្រួលក្នុងការអនុវត្តកិច្ចការខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ​៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម