នយោបាយ
លោក ប្រាជ្ញ ចន្ទ ៖ គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជន
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដូចដែលធ្លាប់បានអនុវត្តកន្លងមក ហើយគណបក្សនយោបាយអាចស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។

បើតាមលោក ប្រាជ្ញ ចន្ទ បច្ចេក-វិទ្យា ដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។ លោកថា ការបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុងការអនុវត្តការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ជាមួយគ្នានេះ លោកប្រធាន គ.ជ.ប ក៏បានណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានាការអនុវត្តតួនាទី និងភារកិច្ច ទទួលបានជោគជ័យ។

លោក ប្រាជ្ញ ចន្ទ សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយ គ.ជ.ប មានមន្ត្រី បោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ តំណាងគណបក្សនយោបាយចំនួន១៦ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ដែលមានអ្នកចូលរួមប្រមាណ១៣៦ នាក់។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


