នយោបាយ
អ្នកនាំពាក្យ CPP ៖ ការស្នើសុំកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គ្រាន់តែសិទ្ធិបញ្ចេញមតិរបស់អ្នកស្នើនោះប៉ុណ្ណោះ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការស្នើសុំកែទម្រង់ ឬផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គឺគ្រាន់តែសិទ្ធិបញ្ចេញមតិរបស់អ្នកស្នើនោះប៉ុណ្ណោះ ដោយការស្នើសុំនោះ មិនមានប្រសិទ្ធភាពផ្លាស់ប្ដូរ ឬកែប្រែសមាសភាព គ.ជ.ប ឡើយ។ រីឯមន្ត្រី គ.ជ.ប វិញ មិនមានអ្វីត្រូវឆ្លើយតបជាមួយគណបក្សនយោបាយ ដែលចង់ស្នើឲ្យកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប នោះដែរ។

ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន បានឯកភាពគ្នាថា នឹងស្នើឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបរិយាកាសនយោបាយ ជាពិសេសការកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប និងរូបមន្តនៃការចែងអាសនៈ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែកក្កដានេះថា មុនពេលដែលគណបក្សនយោបាយទាំងនោះ ដាក់សំណើកែប្រែ ឬមួយផ្លាស់ប្ដូរសមាសភាព គ.ជ.ប សុំឲ្យមើលច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយប្រសិនបើមិនបានមើលច្បាប់ទេនោះ ថាតើធ្វើយ៉ាងម៉េចត្រឹមត្រូវតាមគោលការណ៍ច្បាប់?។
លោក សុខ ឥសាន មានប្រសាសន៍បន្តថា ការស្នើរបស់គណបក្សនយោបាយទាំងនោះ គ្រាន់តែអាចចាត់ទុកជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមានប្រសិទ្ធភាពរហូតដល់ថ្នាក់ផ្លាស់ប្ដូរ ឬកែប្រែសមាសភាព គ.ជ.បទេ។ លោកថា «ពីព្រោះសមាសភាព គ.ជ.ប ពេលណាអវត្តមានដោយប្រការណាមួយ ឬមរណភាព ឬមួយបាត់បង់សមត្ថភាពការងារ អាហ្នឹងគេយន្ដការ នីតិវិធី ក្នុងការរៀបចំជ្រើសតាំងសមាសភាព មកជំនួសស្របទៅតាមគោលការណ៍ច្បាប់ មិនមែនចេះតែស្នើហើយ ចេះតែបានទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនជាអ្នកសម្រេចថា រៀបចំសមាសភាព គ.ជ.ប ឬមួយក៏ឲ្យមានការផ្លាស់ប្ដូរ ឬមិនឲ្យមានការផ្លាស់ប្ដូរទេ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាភាគីប្រកួតប្រជែងមួយនៅក្នុងដំណើរការបោះឆ្នោត។ លោក សុខ ឥសាន បានបន្ថែមទៀតថា «អញ្ចឹងទេ យើងអត់មានសិទ្ធិដើម្បីស្នើ ឬមួយក៏សម្រេចលើកិច្ចការផ្លាស់ប្ដូរ ឬរៀបចំសមាសភាព គ.ជ.បទេ ពីព្រោះសមាសភាព គ.ជ.ប ដែលត្រូវជ្រើសតាំងឡើងនេះ វាកើតឡើងដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប»។
ចំណែកលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ឲ្យដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងជាស្ថាប័នបច្ចេកទេស ដែលទាក់ទងនឹងដំណើរការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត។ ដូច្នេះ ក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន គ.ជ.ប ត្រូវតែគោរព និងអនុវត្ត។

លោក សោម សូរីដា បានបញ្ជាក់ថា គ.ជ.ប គ្មានអ្វីត្រូវឆ្លើយតបជាមួយគណបក្សនយោបាយ ដែលចង់ស្នើឲ្យកែទម្រង់សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប និងរូបមន្តនៃការចែងអាសនៈនោះទេ។ លោកថា «គ.ជ.ប ពុំមានអត្ថាធិប្បាយ ទៅលើអ្វីដែលជាសំណើ ជាសំណូមពររបស់គណបក្សនយោបាយ ដែលស្នើអំពីសមាសភាព គ.ជ.ប ឬរូបភាពនៃការបែងចែកអាសនៈនោះទេ ដូចខ្ញុំបញ្ជាក់ខាងដើមចឹង គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ និងជាស្ថាប័នបច្ចេកទេស ហើយនិងរៀបចំ ចាត់ចែង គ្រប់គ្រងការបោះឆ្នោតទៅតាមច្បាប់ជាធរមាន»។
សូមជម្រាបថា នៅត្រង់មាត្រា ៩ ជំពូកទី ២ ក្នុងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចែងថា ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបាត់បង់មុខតំណែងក្នុងករណីណាមួយ ដូចជា៖ សាមីខ្លួន ទទួលមរណភាព, សាមីខ្លួន សុំលាឈប់ជាលាយលក្ខណ៍អក្សរ, សាមីខ្លួន បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច, សាមីខ្លួន ត្រូចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ ចំណែកមាត្រា ១០ ជំពូកទី ២ ក្នុងច្បាប់ដដែលនេះ បានចែងដែរថា ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវមានគណនេយ្យភាព ចំពោះមុខរដ្ឋសភា។ ការសម្រេចបណ្ដេញចេញ ពីប្រធាន ឬអនុប្រធាន ឬសមាជិក គ.ជ.ប ជាសមត្ថកិច្ចរបស់រដ្ឋសភា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


