Connect with us

ព័ត៌មានជាតិ

មេប៉ូលិស ឱ្យកម្លាំងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតក្រុមការងារចល័តមួយដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យលើអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ហើយដើម្បីធានាបាននូវសន្ដិសុខសង្គម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យកម្លាំងនគរបាលចល័តបង្កើនការយកចិត្តទុកដាក់ឱ្យបានទ្វេដងលើកិច្ចការនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង សម្រាប់ការងារចំពោះមុខនេះ គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខ និងកិច្ចការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាល ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ។

ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលនៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អះអាងថា ក្រុមការងារចល័តនេះ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តនាពេលកន្លងមក ប៉ុន្ដែមិនមែនមានន័យថា កន្លងទៅមិនមានប្រសិទ្ធភាពនោះទេ។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ត្រូវអនុវត្តតាមវិធានការជំនាញ និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចតាមការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព សំដៅមានវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា។

ថ្វីត្បិតថា ក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់នេះ មកពីបណ្ដាអង្គភាពផ្សេងៗគ្នា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិក៏ពិតមែន ប៉ុន្ដែលោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យមានប្រធានក្រុមទទួលខុសត្រូវច្បាស់លាស់ ហើយកម្លាំងទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ពោលគឺត្រូវគោរពទៅតាមបទបញ្ជា និងការណែនាំរបស់ប្រធានក្រុមនីមួយៗ។

លោកអគ្គស្នងការ បានកោតសរសើរចំពោះការបំពេញការងារនាពេលកន្លងមក របស់កងកម្លាំងនគរបាលទាំងអស់ ក្នុងបេសកកម្មបម្រើ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមដល់ប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ កម្លាំងត្រូវបន្ដពង្រឹងស្មារតីទ្វេរដង ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសតាមទីតាំងដែលមានរៀបចំព្រឹត្តិការណ៍កម្សាន្ដសប្បាយនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម