នយោបាយ
គណបក្សនយោបាយ ត្រៀមខ្លួនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរួចរាល់ហើយ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ដ
គណបក្សនយោបាយនានា បានត្រៀមខ្លួនរួចហើយ ដើម្បីចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែមេសានេះថា គណបក្សប្រជាជនកម្ពុជា បានរៀបចំឯកសារគ្រប់គ្រាន់ហើយ សម្រាប់ការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត។
លោកមានប្រសាសន៍បែបនេះថា «យើងបានរៀបចំឯកសារគ្រប់គ្រាន់ហើយ ចាំតែដល់ថ្ងៃ គ.ជ.ប ប្រកាសឲ្យដាក់ យើងដាក់ថ្ងៃទីមួយតែម្ដង»។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ ២៥រាជធានី-ខេត្ត តែម្ដង ដោយលោកឲ្យដឹងបែបនេះថា «យើងដាក់ដូចពីលើកមុនៗដែរ យើងដាក់គ្រប់មណ្ឌលបោះឆ្នោតទាំងអស់»។
រីឯគណបក្សហ៊្វុនស៊ិនប៉ិចវិញ បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យកម្ពុជាថ្មីដឹងថា រហូតមកដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានត្រៀមខ្លួនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ រួចរាល់ហើយ ដោយនៅពេល គ.ជ.ប ប្រកាសទទួលពាក្យ គឺគណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់តែម្ដង។

លោក ញឿន រ៉ាដែន បានបញ្ជាក់ដែរថា «គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ តំណាងគណបក្សគ្រប់ ២៥ រាជធានី-ខេត្ត»។
មិនខុសគ្នាដែរ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ វិញ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។ លោក ពេជ្រ ស្រស់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គណបក្សយុវជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ចំពោះការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំាង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ។

ប្រធានគណបក្សរូបនេះ បានបញ្ជាក់ឲ្យដឹងដែរថា «គណបក្សយុវជនកម្ពុជា សម្រេចឈរឈ្មោះទូទាំង ២៥ រាជធានី-ខេត្ត»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ ហើយគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ មានបំណងសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អាចចុះឈ្មោះ ចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


