នយោបាយ
អ្នកនាំពាក្យ ថា ផែនការចង់បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសរបស់ សម រង្ស៊ី ជាអំពើប្រឆាំងនឹងច្បាប់
ផែនការចង់បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ជាអំពើប្រឆាំងនឹងប្រជាធិបតេយ្យផង ប្រឆាំងនឹងច្បាប់របស់កម្ពុជាផង ដែលសកម្មភាពនេះ នឹងត្រូវប្រឈមចាត់វិធានការច្បាប់ជាធរមាន។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា។
លោក ប៉ែន បូណា គូសបញ្ជាក់ថា លោក សម រង្ស៊ី ជាបុគ្គលប្រឆាំងនឹងប្រជាធិបតេយ្យ ត្រង់ថាលោកមិនដែលទទួលស្គាល់ការបោះឆ្នោត ដែលប្រទេសប្រជាធិបតេយ្យទូទៅនៅលើពិភពលោក បាននិងកំពុងអនុវត្ត ប៉ុន្តែបែរជាជ្រើសរើសមធ្យោបាយតាមបែបមិនប្រជាធិបតេយ្យ។ ចំណែក ប្រឆាំងនឹងច្បាប់ គឺដោយសាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា តម្រូវឱ្យមានការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត តែលោក សម រង្ស៊ី បែរជាចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតទៅវិញ។ នេះគឺជាការប្រឆាំងនឹងប្រជាធិបតេយ្យផង ប្រឆាំងនឹងច្បាប់ផងពីសំណាក់លោក សម រង្ស៊ី អតីតមេដឹកនាំនៃអតីតបក្សប្រឆាំង។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមកបញ្ជាក់បែបនេះ ក្រោយឃើញថា ជាថ្មីម្តងទៀតលោក សម រង្ស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក បានកំពុងប្រកាសកៀរគរមនុស្សនៅក្រៅប្រទេសបង្កើតចលនាមួយ ដែលលោកដាក់ឈ្មោះថា ចលនាជាតិខ្មែរតស៊ូ ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាអាទិ៍។
ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានហៅលោក សម រង្ស៊ី ថា ជាជនប្រជាធិបតេយ្យក្លែងក្លាយ និងជាអ្នកដឹកនាំចលនាប្រឆាំងជ្រុលនិយម ពោលគឺបុគ្គលរូបនេះមិនមែនជាអ្នកប្រជាធិបតេយ្យទេ តែជាអ្នកប្រឆាំងនឹងប្រជាធិបតេយ្យ។ លោក ប៉ែន បូណា រៀបរាប់ថា ប្រទេសប្រជាធិបតេយ្យ គឺជ្រើសរើសមេដឹកនាំតាមការបោះឆ្នោត តួយ៉ាងនៅសហរដ្ឋអាមេរិក កំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះជាដំណើរការប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ សកម្មភាពរបស់លោក សម រង្ស៊ី ដែលបាននិងកំពុងធ្វើកន្លងមក រហូតដល់បច្ចុប្បន្ន គឺប្រឆាំងនឹងប្រជាធិបតេយ្យ អត់ទទួលស្គាល់ការបោះឆ្នោត ហើយចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងជំនួសមកវិញនូវគំនិតចង់បង្កើតប្រព័ន្ធដណ្ដើមអំណាចមួយ តាមរយៈមធ្យោបាយមិនប្រជាធិបតេយ្យ។
ដោយសារតែការប្រព្រឹត្តសកម្មភាពខុសច្បាប់នេះហើយ លោក សម រង្ស៊ី បានទាញអ្នកគាំទ្រដែលតែងជឿលង់ ធ្លាក់ទៅក្នុងរណ្ដៅគ្រោះថ្នាក់ តាមរយៈការរងចំណាត់ការតាមផ្លូវច្បាប់ផ្សេងៗ។ អ្នកនាំពាក្យ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្ន មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺជារាជរដ្ឋាភិបាលតែមួយគត់តំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ តាមរយៈសន្លឹកឆ្នោត ហើយជារាជរដ្ឋាភិបាលតែមួយគត់ ដែលតំណាងស្របច្បាប់របស់កម្ពុជា ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ក៏ដូចជានៅអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ជំហររបស់រាជរដ្ឋាភិបាល គឺការពារឱ្យបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណា ឬក្រុមណា មករារាំងបានជាដាច់ខាត។ ដូច្នេះ ជនណាក៏ដោយ ឬក្រុមណាក៏ដោយ ដែលមានបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ និងត្រូវរងចំណាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល