Connect with us

នយោបាយ

បារាំងហាម សម រង្ស៊ី ចូលកម្មវិធីរបស់ខ្លួន គឺបង្ហាញការមិនទទួលស្គាល់ក្រុមខុសច្បាប់ តែធ្វើការជាមួយតែរាជរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

ជារឿងដ៏អាម៉ាស់មួយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដោយមេដឹកនាំរបស់ពួកគេ គឺទណ្ឌិត សម រង្ស៊ី ត្រូវបានតំំណាងរាស្រ្តបារាំងហាមឃាត់ មិនអនុញ្ញាតឱ្យចូលរួមនៅក្នុងកម្មវិធីជួបជុំនៅក្នុងរដ្ឋសភាបារាំងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ អ្នកជំនាញកិច្ចការការទូត និងវិទ្យាសាស្រ្តនយោបាយ អះអាងថា ទង្វើនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា បារាំងមិនទទួលស្គាល់ មិនធ្វើការជាមួយក្រុមប្រឆាំងខុសច្បាប់នោះទេ ប៉ុន្តែ ធ្វើការងារតែជាមួយរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នៅរដ្ឋសភាបារាំង មានការរៀបចំកម្មវិធីអបអរសាទរលទ្ធផលវិជ្ជមាននៃបេស​កកម្មរបស់ក្រុមមិត្តភាពរដ្ឋសភាបារាំងមកកាន់កម្ពុជាកាលពីខែកុម្ភៈ កន្លងទៅនេះ និងដើម្បីបញ្ជាក់ពីភាពរស់រវើកនៃទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ក្នុងពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ខាងមុខនេះ។

ក្នុង​នោះ គេឃើញមានវត្តមានរបស់ទណ្ឌិត សម រង្ស៊ី ទៅចូលរួមនឹងគេផងដែរ ប៉ុន្តែ ត្រូវបានអ្នកតំណាស្រ្តបារាំងហាម មិនអនុញ្ញាតឱ្យចូលនោះទេ។ ផ្ទុយទៅវិញ អ្នកតំណាងរាស្រ្តបារាំងបានអញ្ជើញយ៉ាងគួរសមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងឱ្យចូលរួមនៅក្នុងកម្មវិធីនេះ។

បក្ខពួក និងកូនចៅទណ្ឌិត សម រង្ស៊ី បានកើតទុក្ខមិនសុខចិត្តទេចំពោះរឿងនេះ ដោយបានស្រែកឡាំប៉ាតាមបណ្តេញសង្គមហ្វេសប៊ុក។ មិនទៅចោទអ្នករៀបចំកម្មវិធីដែលមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរូម តែពួកគេបានចោទ និងវាយប្រហារទៅលើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ ទៅវិញ។ ក្រុមប្រឆាំងខុសច្បាប់បានចោទថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺតំណាងឱ្យគណបក្ស មិនមែនតំណាងឱ្យប្រទេស និងប្រជាពលរដ្ឋខ្មែរទេ និងថា បានរើសអើងខ្មែរគ្នាឯងមិនឱ្យចូលរួមកម្មវិធីជួបជុំនោះថែមទៀត។

លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានទាត់ចោលការចោទប្រកាន់នេះ ដោយអះអាងថា ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធីនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកអគ្គរាជទូតកម្ពុជាអាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកអគ្គរាជទូតកម្ពុជាជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។

សម្រាប់អ្នកជំនាញកិច្ចការការទូត និងជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត ឥន សុផល វិញ នយោបាយការទូតរបស់បារាំង គឺច្បាស់លាស់ និងដោយប្រុងប្រយ័ត្នបំផុតនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ដូច្នេះហើយ មូលហេតុដែលសមាជិកសភាបារាំងមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំង គឺមកពីបារាំងមានទំនាក់ទំនងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ និងមានការទទួលស្គាល់ពីអន្តរជាតិតែមួយគត់។ ហេតុនេះ ការមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំង មានន័យថា បារាំងមិនទទួលស្គាល់អ្វីដែលគណបក្សប្រឆាំងបានហៅខ្លួនឯងថា “រដ្ឋាភិបាល២៣តុលា”នោះ។ នៅឆ្នាំ១៩៥៤ ក្នុងសន្និសីទទីក្រុងហ្សឺណែវ ក៏មិនស្វាគមន៍មេដឹកនាំចលនាខ្មែរវៀតមិញដែរ ដោយសារហៅខ្លួនឯងថា “រដ្ឋាភិបាលវៀតមិញ”។ សន្និសីទទទួលស្គាល់រដ្ឋាភិបាលកម្ពុជារបស់សម្តេចនរោត្តម សីហនុ តែមួយប៉ុណ្ណោះ។ នេះបើតាមការបង្ហោះសាររបស់លោកនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិត ឥន សុផល អ្នកជំនាញកិច្ចការការទូត និងជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ

លោកបណ្ឌិត ឥន សុផល ពន្យល់ក្នុងន័យការទូតថា នៅពេលរដ្ឋពីរ ពុំមានទំនាក់ទំនងការទូតជាមួយគ្នា និងបានចាត់ទុកជារដ្ឋអរិភាពនឹងគ្នា ដូចជា ករណីកូរ៉េខាងត្បូង និងកូរ៉េខាងជើង មិនថាជាប្រធានគណៈប្រតិភូ ឬជាឯកអគ្គរដ្ឋទូត ពួកគេមិនអាចចាប់ដៃស្វាគមន៍គ្នាបាននោះទេ ព្រោះការចាប់ដៃស្វាគមន៍គ្នានេះមានន័យថា “ការស្វាគមន៍ ឬការទទួលស្គាល់” ហេតុនេះ ប្រសិនបើប្រធានគណៈប្រតិភូ ឬឯកអគ្គរដ្ឋទូតនោះ ចាប់ដៃស្វាគមន៍គ្នា អាចនឹងមានទោស។ ហេតុដូចនេះ ករណីដែលភាគីបារាំងទទួលស្វាគមន៍ឯកអគ្គរាជទូតកម្ពុជា និងមិនស្វាគមន៍មេដឹកនាំគណបក្សប្រឆាំងមានន័យថា “រដ្ឋាភិបាលបារាំង មិនទទួលស្គាល់អ្វីដែលហៅថា “រដ្ឋាភិបាល២៣តុលា” របស់គណបក្សប្រឆាំងនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម