ព័ត៌មានជាតិ
ក្រសួងការបរទេសទាត់ចោលការផ្សាយមូលបង្កាច់ថា «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»
អ្នកនាំពាក្យក្រសួងការបរទេស នៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា បានចេញមកទាត់ចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយថា «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេសចេញមកទាត់ចោលបែបនេះ បន្ទាប់ពីថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី និងបុគ្គល អ៊ំ សំអាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយជ្រកកោននៅក្រៅប្រទេស បានយកការពន្យល់ពាក់ព័ន្ធបញ្ហាព្រំដែនរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ទៅផ្សព្វផ្សាយផ្ទុយពីការពិត។

ក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ជនភៀសសឹកនៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។

សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា ៖«ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូម ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។ »។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់បន្ថែមថា នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តែងតែរំលឹកថា កម្ពុជា និងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀមដែលបង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ១៩០៧ រវាងបារាំងនិងសៀម។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគី ថៃត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។
អ្នកនាំពាក្យអះអាងថា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (Joint Boundary Commission/JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) កម្ពុជាបានខិតខំធ្វើការ ជាមួយសមភាគីថៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដើម្បីវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែន ឱ្យកាន់តែ ច្បាស់លាស់នៅលើដីជាក់ស្តែង និងប្រកបដោយភាពយុត្តិធម៌ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបាន ឯកភាព សំដៅបង្កើតនូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិនទទួលយកជាដាច់ ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


