នយោបាយ
ប្រមុខការពារជាតិ ស្នើពលរដ្ឋឱ្យមើលពីសមិទ្ធផលជាក់ស្តែងនៅកម្ពុជា ល្អជាងទៅជឿព័ត៌មានជ្រុលនិយមតាមបណ្តាញសង្គម
ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យពិនិត្យមើលពីសមិទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលសម្រេចបាន ល្អជៀងជាងទៅជឿតាមព័ត៌មាននានាដែលបំផុសឡើងដោយក្រុមជ្រុលនិយមពីខាងក្រៅប្រទេសនៅតាមបណ្តាញសង្គម។ ប្រមុខការពារជាតិកម្ពុជា បានអំពាវនាវដូច្នេះនៅពីមុខថ្នាក់ដឹកនាំផ្សេងៗ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងពិធីអបអរសាទរខួបលើកទី២៦«ទិវាសន្តិភាពនៅកម្ពុជា»នៅវិមាន ឈ្នះឈ្នះ នាព្រឹកថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ដូច្នេះថា៖«យើងគួរបែរមកមើលរាជរដ្ឋាភិបាលកម្ពុជារបស់យើងដែលកំពុងអនុវត្តនូវកម្មវិធីនយោបាយប្រកបដោយភាពជោគជ័យ និងបោះជំហានយ៉ាងម៉ឹងម៉ាត់ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ ហើយជាពិសេស គឺប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ឱ្យមើលឃើញពីតម្លៃសន្តិភាព ឱ្យមើលឃើញពីរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺយើងផ្តោតសំខាន់ទៅលើសុខ សន្តិភាព និងសុខដមរមនារបស់កម្ពុជា ជាពិសេស របស់ប្រជាជនកម្ពុជា»។
ការអំពាវនាវរបស់លោក ទៀ សីហា នេះ គឺជាការឆ្លើយតបទៅក្រុមជ្រុលនិយមនៅខាងក្រៅប្រទេសដែលតែងតែប្រឌិតព័ត៌មានមិនពិតពីកម្ពុជា ពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការដាស់តឿន ក្រើនរំលឹក និងជាការទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋកម្ពុជាជឿតាមការញុះញង់ពីខាងក្រៅប្រទេសក្នុងបំណងបំបែកបំបាក់សាមគ្គីភាពនៅក្នុងប្រទេស។ បើតាមប្រមុខការពារជាតិកម្ពុជា គឺក្រុមជ្រុលនិយមនៅខាងក្រៅប្រទេស តែងតែប្រើប្រាស់បណ្តាញសង្គមមួយចំនួនបំផុតព័ត៌មានមិនពិត ហើយវាយតម្លៃ និងព្យាយាមវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។

ប្រឈមមុខនឹងបញ្ហានេះ លោក ទៀ សីហា បានអំពាវនាវសុំឱ្យសាធារណជនក្រឡេកមើលសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដែលបានកសាងឡើង ហើយជាពិសេស គឺការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទៅលើប្រជាពលរដ្ឋ និងការអភិវឌ្ឍនានាតាមរយៈការសម្ពោធសមិទ្ធផលដែលសម្រេចបានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ លោកសង្កត់ធ្ងន់ថា៖ «គួរតែងាកមកមើលសមិទ្ធផល មើលពីការជោគជ័យរបស់កម្ពុជាដែលមានស្រាប់នៅទីនេះ ល្អជៀសជាងទៅជឿជាក់លើមជ្ឈដ្ឋាន ឬក៏ព័ត៌មានជ្រុលនិយមណាមួយ បំផុសពីក្រៅប្រទេស ធ្វើឱ្យយើងបែកបាក់នៅក្នុងប្រទេស»។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល១៥ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់បទពិសោធច្រើន ប៉ុន្តែ ក្រុមជ្រុលនិយម តែងតែបំផុសនូវបញ្ហាផ្សេងៗ ដែលធ្វើឱ្យមានការយល់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ លោកផ្តាំទៅយុវជនជំនាន់ក្រោយថា សូមពិនិត្យមើលឱ្យបានច្បាស់ ហើយជាពិសេស គឺតាមដានព័ត៌មានតាមបណ្តាញសង្គមមិនថាហ្វេសប៊ុក មិនថាតិកតុក ឬបណ្តាញសង្គមផ្សេងៗ ត្រូវធ្វើការពិចារណា ហើយត្រិះរិះឱ្យបានជាក់លាក់មុននឹងជឿជាក់ និងវាយតម្លៃមកលើរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោក ក៏បានជំរុញឱ្យយុវជនជំនាន់ក្រោយឈ្វេងយល់ឱ្យបានច្បាស់ពីប្រវត្តិរបស់កម្ពុជា ក៏ដូចជា ការតស៊ូ លះបង់របស់ថ្នាក់ដឹកនាំកំពូលៗ ដើម្បីជាតិ និងប្រជាជន។ ជម្រើសល្អមួយដែលលោក ទៀ សីហា ផ្តល់ទៅឱ្យយុវជន គឺសូមឱ្យពួកគេ និងប្រជាពលរដ្ឋផ្សេងទៀតទៅទស្សនាឈ្វេងយល់នៅវិមាន ឈ្នះឈ្នះ ព្រោះនៅវិមាន ឈ្នះឈ្នះនេះ បានចារចែងលម្អិតពីប្រវត្តិកសាង និងការអភិវឌ្ឍប្រទេសកម្ពុជា រហូតមកដល់មានសុខ សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


