Connect with us

នយោបាយ

គណបក្សប្រជាជនកម្ពុជា បន្តអប់រំនយោបាយដើម្បីពង្រឹងភាពខ្លាំងដល់កម្លាំងបន្តវេនរបស់បក្ស  

បានផុស

នៅ

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ នៅវិមាន ៧មករា គណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តបើកវគ្គអប់រំនយោបាយដល់សមាជិក-សមាជិករបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចនេះ បានបញ្ជាក់ថា ការងារអប់រំនយោបាយ គឺក្នុងគោលបំណងកសាង និងពង្រឹងកម្លាំងបន្តវេនរបស់គណបក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គអប់រំនយោបាយរបស់គណបក្ស នាថ្ងៃនេះ គឺជំនាន់ទី៨៤ ដោយលោក ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល ព្រមទាំងបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលដែលបានសហការរៀបចំបើកវគ្គអប់រំនយោបាយ តាំងពីជំនាន់ទី១ រហូតដល់ជំនាន់ទី៨៤នេះ ឱ្យប្រព្រឹត្តទៅដោយរលូន។ លោក ម៉ម សារិន បានបន្តវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សគ្រប់ខេត្ត រាជធានី និងគណបក្សក្រសួង ស្ថាប័ននានា ដែលបានខិតខំជំរុញការងារអប់រំនយោបាយតាមគ្រប់លទ្ធភាព ឆ្លើយតបនឹងស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ពិសេសឆ្លើយតបនឹងសំណូមពរនៃការកសាង និងពង្រឹងកម្លាំងបន្តវេនរបស់គណបក្ស។

លោក ម៉ម សារិន គូសបញ្ជាក់ថា ការងារអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជាការងារមួយដ៏មានសារៈសំខាន់ និងចាំបាច់ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក មិនថាក្នុងសម័យតស៊ូ ឬពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសឡើយ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។

ការងារអប់រំនយោបាយ ក៏ជាថ្នាលដ៏សំខាន់មួយសម្រាប់បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ។ សម្រាប់បរិបទ ដែលគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ការងារនេះនៅតែមានតួនាទីដ៏សំខាន់ចាំបាច់ក្នុងការចូលរួមកសាងពង្រឹងគណបក្សទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាជោគជ័យរបស់គណបក្ស ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។ នេះជាការបន្ថែមរបស់លោក ម៉ម សារិន។

សមាជិកគណៈអចិន្ត្រៃយ៍បក្សប្រជាជនកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅរបស់កម្ពុជា ដែលកំពុងបន្តវិវត្តជាវិជ្ជមាន ទោះបីកម្ពុជានៅបន្តទទួលរងឥទ្ធិពលពីការប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមមួយចំនួនក្តី។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យថ្មីៗថែមទៀតចំពោះជោគវាសនាជាតិ ខណៈរាជរដ្ឋាភិបាលបន្តវេនក្នុងនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់ខ្លួន ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។

ជាក់ស្ដែងសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី លោក ថា ត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចជាតិបន្តសម្រេចបាននូវកំណើនខ្ពស់ អត្រាប្ដូរប្រាក់មានស្ថិរភាព អតិផរណាក្នុងកម្រិតទាប ស្ថានភាពការងារ និងជីវភាពប្រជាជន ក៏មានស្ថិរភាពពិសេសកិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម