Connect with us

នយោបាយ

ប្រធានសភាយកឱកាសជួបភ្ញៀវបរទេសដើម្បីប្រាប់ពី​ការ​បំពាន​របស់ថៃ​លើ​កម្ពុជា

បានផុស

នៅ

ប្រធាន​សភាកម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី យកពេល​ដែល​សម្ដេច​ជួប​ភ្ញៀវ​បរទេសដើម្បី​ជម្រាប​ពី​ការ​បង្កហេតុ និង​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា សម្ដេច​ថាការ​អូស​បន្លាយ​បញ្ហា​ព្រំ​ដែន​កម្ពុជា​-ថៃ​ គឺ​ដោយ​ថៃបានយក​បញ្ហា​នេះ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ក្នុងប្រទេស​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធាន​រដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាននៅព្រឹក​ថ្ងៃទី​២៧ ខែ​មិថុនានេះ​ថា ក្នុង​ជំនួប​រវាងសម្ដេច​ប្រធាន​សភាជាមួយ​ប្រតិភូ​សភាតំណាង​ប្រជាជន​ចិន​ខេត្តក្វាងទុង សម្ដេច​សភាធិបតីបានពន្យល់ពីដើម​ចម​នៃ​បញ្ហា និង​បញ្ជាក់​ថាកម្ពុជា​ចង់​រក្សា​សុខសន្តិភាព អភិវឌ្ឍន៍ រក្សា​នូវ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជា​ពិសេស​ព្រំដែនតែបំណងនេះ​ត្រូវ​បាន​អូស​បន្លាយ​ដោយ​សារ​តែ​ថៃបង្ក​បញ្ហា​​បំពាន​លើ​អធិបតេយ្យ​ភាពកម្ពុជា​។

លោកថា៖ «សម្ដេច​លើក​ឡើង​នេះគឺ​ដើម្បី​ឱ្យ​មិត្ត​ចិន​បាន​យល់​ពីបញ្ហា​អ្វីដែល​បាន​កើត​ឡើង​។ អ្វី​ជា​រឿង​ត្រូវ​និង​ខុស​ ហើយ​ដើម​ចម​នោះ​គឺ​កើត​ឡើង​ពី​ណា​មក ហើយ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាមរយៈកិច្ចសហប្រតិបត្តិការហើយការ​ចរចាការទូត​ធ្វើ​យ៉ាង​មិចឱ្យ​ស្ថានការណ៍ត្រលប់​មក​ប្រក្រតី​វិញ​ធ្វើ​ឱ្យ​ប្រជាជន​គាត់​រស់នៅបានសុខស្រួល​ មាន​ការ​អភិវឌ្ឍហើយ​ពាណិជកម្មបាន​ល្អ​ឡើង​វិញ »។  

សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុងលោក លីវ យេសេង (Lyu Yesheng) បាន​ដឹក​នាំ​ប្រតិភូមកកម្ពុជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង រដ្ឋសភាកម្ពុជា ក៏ដូចជាដើម្បីជំរុញការវិនិយោគរវាងកម្ពុជានិងខេត្តក្វាងទុងឱ្យកាន់តែរីកចម្រើនឡើង។ លោក​ក៏បានបញ្ជាក់ផងដែរពីចំណង​មិត្ត​ភាពដ៏រឹង​មាំរវាង​កម្ពុជា និង​ចិនផងដែរ។

កម្ដៅ​ព្រំដែន​កម្ពុជា​ថៃ​បង្កឡើង​ពី​ការ​ឆ្មក់​ចូលមកបាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥ នៅ​ព្រំដែន​មុំ​៣ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ ខណៈ​ថៃ​បាន​បង្ករឿង​ផ្សេង​ៗ​ទៀតដូច​ជា​បិទព្រំដែន​ដោយ​ឯកតោភាគី​ និង​ប្រើប្រាស់​សំដីចង់​ធ្វើ​សង្គ្រាម​ដណ្ដើម​ដី​ជាមួយ​កម្ពុជា​ទៀតផង។ ទោះជាយ៉ាង​ណា​កម្ពុជាបាន​ជ្រើស​រើសការ​ដោះស្រាយ​ដោយ​យន្ត​ការ​ច្បាប់​អន្តរជាតិបើទោះ​បី​ថៃ​នៅ​តែ​មិនចង់​ឡើង​តុលាការ​ក្ដី។

រដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់ថា​នឹង​បញ្ជៀស​សង្គ្រាមឱ្យបាន​ខ្ពស់​បំផុត តែថាប្រសិនជា​កំពុងដំណើរការក្ដីនៅ​តុលាការ​​មាន​ការ​ឈ្លានពាននោះកម្ពុជា​នឹង​ធ្វើការឆ្លើយតបប្រដាប់អាវុធទៅវិញ។

ក្នុង​កិច្ចប្រជុំ​ពេញ​អង្គគណៈអចិន្ត្រយ៍សភាកាលពី​ថ្ងៃទី​១៩ ខែ​មិថុនា សម្ដេច​សភាធិបតី និងសមាជិកបាន​លើក​ទឹក​ចិត្ត​ដល់​សមាជិករដ្ឋសភាទាំង​អស់​ក្នុង​ការ​បំពេញ​បេសកម្មផ្សារភ្ជាប់​សុខទុក្ខ​រវាង​កងទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​បន្ទាត់ព្រំដែន ជាការ​រួម​ចំណែក​របស់​អ្នក​ជួរ​ក្រោយ​គាំទ្រ​ និង​លើក​ទឹកចិត្ត​អ្នក​នៅ​ជួរ​ខាង​មុខជានិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម