Connect with us

នយោបាយ

ប្រធានសភាឡើងបង្ហាញការពិតពី​កម្ពុជាលើឆាកអន្តរជាតិចំនួន២ដោយជោគជ័យ

បានផុស

នៅ

ប្រធានសភាកម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​ឡើង​ការពារកម្ពុជា​ពី​ការ​លាបព័ណ៌ដោយសារ​ព័ត៌មាន​បរទេសមួយចំនួនក្នុង​ហេតុការណ៍​ផ្ទុះអាវុធជាមួយថៃ​ ដោយបាន​ថ្លែងការពិតពី​កម្ពុជាក្នុង​កិច្ចប្រជុំ​កំពូលប្រធាន​សភាស្ត្រីលើក​ទី​១៥ និង​សន្និសីទពិភពលោក​នៃ​ប្រធាន​សភា​លើក​ទី​៦ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីសដែលរៀបចំឡើងកាលពី​ចុង​ខែ​កក្កដាកន្លងទៅ។ ពាក្យថា «ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន» ដែលសម្ដេច​បាន​ថ្លែងជាមួយនឹង​ការ​បង្ហាញពីទុក្ខលំបាករបស់​ប្រជាជន​របស់ប្រជាជន​មួយ​ដែល​ស្អប់សង្គ្រាមបានទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិជា​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី​ដំណើរ​ត្រលប់​មក​ដល់កម្ពុជា​វិញរបស់​សម្ដេច​សភាធិបតីនៅ​ល្ងាច​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៥​នេះ អ្នក​នាំពាក្យសម្ដេច​ប្រធានសភា លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថាក្នុងការ​ប៉ះទង្គិច​គ្នារវាង​កម្ពុជា​និងថៃ​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ សារព័ត៌មាន​បរទេសជាច្រើន​បាន​សរសេរមាន​ភាព​លំអៀង​ទៅ​លើ​ប្រទេស​ថៃ​ខណៈដែល​កម្ពុជា​គឺ​ជា​ប្រទេស​រងគ្រោះពី​ការ​ឈ្លាន​ពាន​នេះ។ លោក​បន្ថែម​ថាស្របពេល​ដែល​សម្ដេច​កំពុង​នៅ​ប្រទេស​ស្វីស​ សម្រាប់កិច្ចប្រជុំ​កំពុង​របស់​ប្រធាន​សភាពិភព​លោក​ស្រាប់​ សម្ដេច​បាន​សម្រេចថា​នឹង​ជម្រាប​ទៅ​កាន់ពិភព​លោក​ពីការ​ពិតដែលត្រូវបានគេកាឡៃនេះ។

លោក កែវ ពិសិដ្ឋ៖ «ក្រៅពី​កិច្ចប្រជុំ​ធំ​សម្ដេច​លោក​ព្យាយាមខ្លាំងណាស់! គឺ​រៀបចំ​ឱ្យមាន​កិច្ចពិភាក្សាទ្វេភាគី។ ហេតុអ្វី? គឺព្រោះតែ​មាន​ឱកាស​ជួប​គ្នា​ពិភាក្សា​ទ្វេភាគី​នឹង​ពន្យល់​ពីស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា និង​ពន្យល់​ដើមចម​នៃ​ជម្លោះ​រវាង​កម្ពុជា​នឹង​ថៃ»។

ប្រធានរដ្ឋសភា​កម្ពុជា​សម្ដេច​សភាធិបតី ឃួន សុដារី បាន​ឡើង​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រធាន​សភាស្ត្រីលើក​ទី១៥ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ដោយ​បាន​លើក​ឡើង​ប្រាប់​អន្តរជាតិ​ពី​ការ​ឈ្លាន​ពានរបស់​ថៃ​មក​លើ​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​ពលរដ្ឋ​ស្លូត​ត្រង់​ ជាពិសេស​ស្ត្រី និង​កុមារ។ ក្នុង​វេទិកានោះ​សម្ដេច​បាន​ថ្កោល​ទោសប្រទេស​ថៃដែល​ថា​បាន​រំលោភ​បំពាន​លើ​ធម្មនុញ្ញ​សហប្រជាជាតិ និង​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ផងដែរដែលបន្ទាប់ពី​ការ​ថ្លែង​ត្រូវបានប្រធានសភាស្រ្តីទាំងអស់បាន​បង្ហាញ​សមានចិត្តអាណិតអាសូរកម្ពុជាពី​ការ​ឈ្លានពាន​។ ការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រធាន​សភា​ថៃ​លោក វ៉ាន់ មូហាម៉ាដ នូរ ម៉ាថា (Wan Muhamad Noor Matha) មានប្រតិកម្មដោយ​ចាត់ទុក​ថា​កម្ពុជាបាន​បំពានលើ​បទឈប់​បាញ់​ និង​ដាក់​លិខិត​ទៅ​កាន់​ប្រធានសហភាពអន្តរសភា IPU ផងដែរ។

អ្នកនាំពាក្យ​សម្ដេច​ប្រធានសភាលោក កែវ ពិសិដ្ឋ បាន​ឆ្លើយតបថាប្រតិកម្ម​របស់​លោក វ៉ាន់មូហាម៉ាដ គឺ​ប្រតិកម្ម​ដោយភ្លេចមើល​ថ្ងៃដែលសម្ដេចថ្លែងនិងមិន​បាន​តាមដានគ្រប់ជ្រុងជ្រោយនោះទេ។

លោក​បញ្ជាក់ថា៖ «គាត់(ប្រធានសភាថៃ)បានលើកមក​នេះគឺ​សំដៅលើសារថ្ងៃទី២៨(មុនបទឈប់បាញ់) ដល់​មែនទែនទៅខាង​ថៃ​គាត់​អត់​មាន​ចូល​រួម​នឹង​គេផង។ [..] សូម្បី​ការ​ប្ដឹងផ្ដល់​របស់​គាត់​ទៅអាស៊ានអីគាត់សរសេរខុសទាំង​ប្រធានបទ​នៃ​កិច្ចប្រជុំ​ទៀ​តដែល​អ្នក​តាម​ដាន​មិន​ដឹងថា​គាត់​តាមដាន​របៀបមិច? គាត់ចេះ​តែ​រកហេតុផល។ តែរឿងនេះជា​រឿងអតីតទៅហើយ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ​យើង​មិនចង់​និយាយពីរឿងអតីតទេ»។

ករណី​នេះប្រធាន IPU បានប្រាប់​កម្ពុជា​ថាលោក​អាចធ្វើជាសាក្សី​ចំពោះការ​ថ្លែង​របស់​សម្ដេច​ប្រធានសភាគឺ​មិនមែនក្រោយពេល​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជានិង​ថៃ​ទេ។

នៅ​ថ្ងៃទី៣០ ខែកក្កដា សម្ដេច​ប្រធានសភាបានឡើង​ថ្លែង​អន្តរាគមន៍ក្នុង​សន្និសីទប្រធា​នសភាពិភពលោកលើកទី ៦ នៅ​ចំពោះ​មុខ​ប្រធានសភាជាង​១០០ប្រទេស​ដោយ​បាន គូស​បញ្ជាក់ថា «ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន»។ ព្រមទាំង​អបអរសាទរ​ចំពោះបទ​ឈប់​រវាង​កម្ពុជា​និង​ថៃ​ ខណៈដែលអគ្គលេខាធិការនៃ​សហភាព​អន្តរសភា (IPU) លោក ម៉ាទីន ជុងហ្គុង (Martin Chungong) បាន​គាំទ្រ​ដល់ការ​សម្រេច​បាន​នូវ​បទឈប់​បាញ់​កម្ពុជា-ថៃ ព្រមទាំង​អំពាវនាវ​ដល់​អង្គសន្និសីទប្រធានសភាពិភពលោក​លើកទី៦ តាម​ដាន​ចំពោះ​ការ​អនុវត្តបទ​ឈប់​បាញ់​នេះផងដែរ​។

ដោយ​ឡែកបន្ទាប់ពី​ទទួល​បាន​ព័ត៌មានពិតពី​កម្ពុជាតំណាងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំសភា និងស្ថាប័នអន្តរសភាជាច្រើន បានសម្តែងការអបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ និង​មាន​សមានចិត្តចំពោះ​កម្ពុជា​។

អ្វីដែលជា​ការ​កត់​សម្គាល់​នោះ​គឺ​មិន​ឃើញ​មាន​វត្តមាន​របស់​សភាថៃ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏ធំនៃ​សន្និសីទប្រធានសភាពិភពលោក​ដែល​រៀបចំ​ឡើង​៥ឆ្នាំម្ដង​នេះ​ឡើយ។

សម្រាប់ភ្ញៀវ​សំខាន់ៗដែលសម្តេចសភាធិបតី និងគណៈប្រតិភូបានជួបពិភាក្សាការងារក្នុង​ដំណើរ​បេសកម្មនេះរួមមាន ប្រធានរដ្ឋសភាម៉ាឡេស៊ី ហុងគ្រី ឡាវ វៀតណាម គុយបា អាល្លឺម៉ង់ ស្វីស សាធារណរដ្ឋប្រជាមានិតចិន សិង្ហបូរី កាណាដា នេប៉ាល់ ទីម័រឡេស្តេ ប៉ាគីស្ថាន អាស៊ែបៃហ្សង់ តំណាងសហភាពអន្តរសភា (IPU) និងអង្គការសុខភាពពិភពលោក (WHO) ជាដើម។

បើតាមការបញ្ជាក់ក្រោយពីបាន​តស៊ូបញ្ជាក់ពី​ភាព​ស្អាតស្អំរបស់កម្ពុជា​នៅ​ហ្ស៊ឺណែវ កម្ពុជា​បានទទួល​នូវមតិវិជ្ជមានឡើងវិញដោយ​បាន​ឃើញ​អង្គការ​អន្តរជាតិ​បាន​ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ខណៈប្រទេស​ជាច្រើន​បាន​ប្រកាស​តាមដាន​លើបទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃផងដែរ។

សម្ដេច​ប្រធានសភា ឃួន សុដារី បាន​និវត្តន៍​ត្រលប់​មក​ដល់​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃទី ២ ខែ​សីហា ឆ្នាំ២០២៥ បន្ទាប់ពី​បានបញ្ចប់បេសកកម្មការទូតសភាប្រកបដោយជោគជ័យគួរជាទីមោទនៈសម្រាប់ប្រទេសជាតិនិងពលរដ្ឋរួចមក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម