Connect with us

នយោបាយ

ប្រធានសភាអំពាវនាវឱ្យ​ពន្លឿនការ​បង្កើត​ក្រុម​អ្នក​អង្កេត​ការណ៍​អាស៊ាន និងស្នើ​ឱ្យ​ថៃគោរព​សន្យា

បានផុស

នៅ

ប្រធានសភាកម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ស្នើ​ឱ្យ​ប្រទេស​ថៃ​គោរព​អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់ចំពោះ​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់ ខណៈ​សម្ដេច​ជំរុញ​ឱ្យ​ពន្លឿន​ការ​បង្កើត​ក្រុម​អ្នក​អង្កេត​ការណ៍​អាស៊ាន​ឱ្យ​បាន​ឆាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​សភាព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ២០២៥​នេះ សម្ដេច​សភាធិបតី ឃួន សុដារី បាន​ថ្លែង​ថា សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូល ដោយ​បង្ហាញ​ការ​ជឿជាក់​លើ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាលកម្ពុជា និង​អំពាវនាវ​ឱ្យ​ថៃគោរព​នូវ​ការ​សន្យារបស់​ខ្លួន​ចំពោះ​បទ​ឈប់បាញ់​ផងដែរ​។

សម្ដេច​ថា៖ «ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ»។

កាលពីថ្ងៃទី១៩ ខែសីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ទូរស័ព្ទ​ពិភាក្សា​ការ​ងារ​ជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​ការ​សន្ទនានោះសម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញ​ការ​បង្កើតក្រុម​អ្នក​អង្កត​ការណ៍​អាស៊ាន​ផ្លូវ​ការ​ឱ្យ​បាន​ឆាប់ និង​ដំណើរការនៃក្រុមសង្កេតការណ៍បណ្ដោះអាសន្ន ដើម្បីឱ្យការតាមដានបទបាញ់កាន់តែមានប្រសិទ្ធភាព។

ក្រោយ​ប្រយុទ្ធ​គ្នា​៥​ថ្ងៃកាលពី​ចុង​ខែ​កក្កដា កម្ពុជា និង​ថៃ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នឺង​បទ​ឈប់​បាញ់មួយ​ថ្ងៃទី​២៨ ខែ​កក្កដា និង​បាន​ឈាន​ដល់​កិច្ចប្រជុំ​GBCសម្រេច​លទ្ធផល​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ២០២៥។ ទោះ​បី​សម្រេច​បាន​បទ​ឈប់បាញ់​នេះ​ក្ដីតែ​ថៃ​នៅ​តែ​បន្ត​ចាប់​ឃុំ​ខ្លួន​ទាហានខ្មែរ បន្ត​រាយ​លួស​បន្លា ដើរ​ល្បាតចូលដី​កម្ពុជា និង​សង់​លេណដ្ឋាននៅតំបន់​ប្រឈម​យោធាដដែល​ដែល​ជា​ការ​បំពាន​ដល់បទ​ឈប់​បាញ់​ដែល​សម្រេច​បាននោះ។

លើក​ឡើង​ក្នុង​វេទិកាអ្នក​ជំនាញកម្ពុជា​ថ្មី​កាលពី​ចុង​សប្ដាហ៍ប្រធានវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាលោកបណ្ឌិត គិន ភា មាន​ប្រសាសន៍ថា ថៃនៅតែមាន​មហិច្ចតាចង់បានដីខ្មែរ ហើយគេ​នឹង​ព្យាយាមបង្កហេតុម្ដងហើយម្ដងទៀតដើម្បីរុញ​ការ​ធ្វើ​សង្គ្រាម​ជា​ថ្មី​។ លោកជំរុញឱ្យរដ្ឋាភិបាលទាមទារបង្កើតក្រុម​អ្នក​អង្កេត​ការ​ណ៍ជា​អន្តរជាតិ​តែ​ម្ដង ដើម្បីឱ្យ​អន្តរជាតិ​ដឹង​ឮ និង​អន្តរាគមន៍​។

គួរឱ្យ​ដឹង​ដែរ​ថាគំនិត​នៃ​ការ​បង្កើត​ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​ក៏​ត្រូវបាន​ប្រធាន​អាស៊ាន​លើក​ឡើង​ផងដែរក្នុង​ពេលនិយាយទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រីស្ដីទីថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ ផងដែរ​កាលពីថ្ងៃទី​១៩ កន្លង​ទៅ តែ​ត្រូវ​បាន​នាយករដ្ឋមន្ត្រីថៃ​បដិសេដ ដោយ​កាសែតថៃ​បាន​ដក​ស្រង់​សំដី​របស់​នាយករដ្ឋមន្ត្រីរូប​នេះ​មក​ចុះ​ផ្សាយ​ថា ការ​ឱ្យ​អន្តរជាតិមក​អង្កេតការណ៍​លើ​បទ​ឈប់បាញ់គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង។

ជា​ការ​ឆ្លើយ​តប​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បញ្ជាក់​ថា​ការបន្ថែម​ឱ្យ​មាន​ក្រុម​អ្នក​អង្កេត​ការណ៍​មក​ពីប្រទេស​ក្រៅពី​តំបន់​អាស៊ានមិន​មែន​ជា​ការ​ជ្រៀតជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​សម្រួល​ការងារ​ដល់​ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរកាល​អាស៊ាន​ដែល​មាន​សមាជិកតិចប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម