ភ្នំពេញ ៖ ករណី ឃាតកម្ម មួយ បង្កឡើងដោយជនដៃដល់ឈ្មោះ កែវ យិនភី ហៅ តួ អាយុ ២៧ ឆ្នាំ មាន ទីលំនៅ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុ ញៀន) និងបក្ខពួក ម្នាក់ ទៀត ឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចៅក្រមសាលាដំបូងប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី ១៦វិច្ឆិកា ឆ្នាំ២០២១ ដាក់ពន្ធនាគារកំណត់៨ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។
ជនរងគ្រោះក្នុងអំពើឃាតកម្មនេះ មានឈ្មោះ ម៉ុក អង្គាររស្មី អាយុ ៣៥ឆ្នាំ មាន ទីលំនៅផ្ទះជួល ផ្លូវ បេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខ របរមិនពិតប្រាកដ ។
កាលពីវេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្របុរស ជនសង្ស័យឈ្មោះ កែវ យិនភី និង រ៉េត បញ្ញា បានផឹកស្រាបៀរអស់ម្នាក់ចំនួន០២កំប៉ុងនៅ មុខផ្សារបឹងទំពុន ។ ពេល ផឹករួចក៏បើកម៉ូតូកង់បីឥណ្ឌារបស់ខ្លួនឡើង ទៅលើផ្លូវ២៧១ ក៏បាន ប្រទះឃើញបុរស ជនរងគ្រោះ ឈ្មោះ ម៉ុក អង្គាររស្មី កំពុងជិះម៉ូតូកង់ បីខ្មែរ ដែលធ្លាប់មានទំនាស់ជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ប្រមាណកន្លះខែមុន។
បន្ទាប់មកជនរងគ្រោះ ម៉ុក អង្គារស្មីបានចុះពីលើ ម៉ូតូកង់បីខ្មែរមកប្រតាយ ប្រតប់គ្នាជាមួយជនសង្ស័យឈ្មោះ កែវ យិនភី ខណៈនោះជនរង គ្រោះបានរត់ទៅយក បន្ទះឈើប្រវែង១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះកែវ យិនភីឱ្យរបួសដៃខាងឆ្វេង ។បន្ទាប់មកឈ្មោះ រ៉េត បញ្ញា បានចូលទៅជួយ បក្ខពួកខ្លួនស្រាប់តែជន រងគ្រោះបានរត់ចេញ ហើយទៅវាយកញ្ចក់មុខ ម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅតួ បណ្តាល ឱ្យបែកខ្ទេចហើយក៏បានរត់គេចខ្លួន ។ ពេលនោះជនសង្ស័យទាំងពីរនាក់ បានបើកម៉ូតូកង់បីឥណ្ឌា ដេញតាមពីក្រោយ មកដល់នៅចំណុច កើតហេតុ (មុខផ្ទះលេខ ៣១២ ផ្លូវលំភូមិសន្សំកុសល៣សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ក៏បំបុកជនរងគ្រោះពីក្រោយបណ្ដាលឱ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់នៅ នឹងកន្លែងហើយបាន បើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង។
លុះព្រឹកឡើងថ្ងៃទី២៥ ខែឧសភា សពបុរស ជនរងគ្រោះត្រូវបាន គេប្រទះឃើញដេក ស្លាប់នៅក្នុងថ្លុកឈាម មានសភាពរងរបួស បែកក្បាលនិងបាក់ជើង បង្កការភ្ញាក់ផ្អើល នៅចំណុចកើតហេតុខាងលើ។
រហូតមកដល់វេលាម៉ោង ០៩ ព្រឹកថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាល បឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នៅចំណុចមុខផ្សារបឹងទំពុន ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានតែម្តង បញ្ជូនឡើងតុលាការរហូតដល់ថ្ងៃត្រូវកាត់ទោសនិងផ្ដន្ទាទោសនេះ ៕
ដោយ ៖ មករា