Connect with us

សន្តិសុខសង្គម

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា​បង្កជាទឹកជំនន់​លិចផ្ទះពលរដ្ឋ​ក្នុងស្រុកពីរនៅកំពង់ស្ពឺ

បានផុស

នៅ

ស្ថានភាពអាកាសធាតុប្រែប្រួលដោយទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិន នាំឱ្យមានភ្លៀងធ្លាក់ជាប់គ្នារយៈជាច្រើនថ្ងៃមកនេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកឱរ៉ាល់ និងថ្ពង ខេត្តកំពង់ស្ពឺ ព្រមទាំងទឹកហូរកាត់ផ្លូវផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរស្រុកថ្ពងបានឱ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នេះថា ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកលំនៅឋានរបស់ប្រជាពលេដ្ឋ ក្នុងឃុំអមលាំងជាច្រើនគ្រួសារហើយទឹកបានហូរកាត់លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៨៨-៨៩) ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។

ប្រភពដដែលបានបន្តទៀតថា ពេលនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីបានចូលរួមយ៉ាងមមាញឹកដើម្បីចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះមកកាន់ទីទួលមានសុវត្ថិភាព។ មិនទាន់មានរបាយការណ៍បញ្ជាក់ថាមានប្រជាពលរដ្ឋរងគ្រោះនៅឡើយទេ។

កម្ពុជាបានទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិនបង្ករឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែង។

កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញធនធានទឹក និងឧត្តុនិយម និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិចជាក់ស្តែងដើម្បីដោះស្រាយបន្ទាន់។
ដោយពិនិត្យឃើញស្ថានភាពប្រជាពលរដ្ឋមិនអាចឆ្លងកាត់បានបែបនេះ អាជ្ញាធរខេត្តបានដាក់អូរដើម្បីចម្លងប្រជាពលរដ្ឋទៅមកជាបណ្តោះអាសន្ន។ ចំណែករថយន្តតូចធំដែលត្រូវចរាចរណ៍ឆ្លងកាត់តាមផ្លូវនេះ ត្រូវផ្អាកជាបណ្តោះអាសន្នសិន​រងចាំដល់ទឹកស្រក។

សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះថា ព្រះរាជា​ណាចក្រ​​កម្ពុជាទទួលរងឥទ្ធិពលសម្ពាធខ្ពស់មកពីប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតខ្សោយទៅមធ្យមចាប់ពីថ្ងៃទី១១ដល់១៧ ខែមករា ឆ្នាំ២០២៣ អាចបង្ករឲ្យមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរៗ និងអាកាសធាតុចុះត្រជាក់នាពេលព្រឹកៗ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងយកចិត្តទុកដាក់លើការងារនេះ ដោយចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ត្រូវផ្ដល់ព័ត៌មាន ដល់អាជ្ញាធរអោយបានទាន់ពេលវេលា ប្រសិនបើមានទឹកជនលិចនៅតំបន់ណា ឬភូមិណា ដោយយថាហេតុ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម