កណ្តាល ៖ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនប្រពន្ធ និងឃាតកស៊ីឈ្នួលសម្លាប់បុរសជាប្តី នៅស្រុកកៀនស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន។ បន្ទាប់ពីលោក ខា ដែនណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ជនត្រូវចោទទី១ឈ្មោះសាំង ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង។
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ពីមូលហេតុ ដែលស្ត្រីជាប្រពន្ធ ជួលឃាតកសម្លាប់ប្តីនោះ ដោយសារខឹងប្តីដើរអត់ចូលផ្ទះពីរ បីថ្ងៃ ហើយចូលមកផ្ទះវិញវៃធ្វើបាបខ្លួន។ តែនេះអាចជាពាក្យដោះសារប៉ុណ្ណោះ។ បើតាមខាងធនាគារបានបញ្ជាក់ថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូត សុភាពរាបសារ មានអ្នកគោរពស្រលាញ់ច្រើន មិនដូចការចោទប្រកាន់របស់ប្រពន្ធឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលសាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីធនាគារ CO ស្រុកកំណើតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រពន្ធជួលឃាតកក្នុងតម្លៃ១០០០ដុល្លារ ដើម្បីសម្លាប់ប្តី។
សភាពរឿងហេតុនៅថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់។
ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វើការឆក់ និងរឹតកសម្លាប់។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្តាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៊ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ៕
ដោយ ៖ ឆៃ យ៉ា