Connect with us

សន្តិសុខសង្គម

អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួនគ្រូទាយម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់១ម៉ឺនដុល្លាររឿងលក់របស់ស័ក្ដិសិទ្ធិ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យជាគ្រូទាយម្នាក់កសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆបោកទឹកប្រាក់១ម៉ឺនដុល្លាររឿងលក់របស់ស័ក្ដិសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

តាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានជួបជនរងគ្រោះឈ្មោះ ញ៉ សុខឃីម ហើយបាននិយាយប្រាប់ជនរងគ្រោះថា រូបគេមានរបស់ស័ក្តិសិទ្ធិ (គោបាធ្វើសំរិទ្ធិ) ជារបស់ពិត បើលក់បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បានប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ ឱ្យជនរងគ្រោះយកទៅកាន់ទុកប្រើប្រាសបានសុខសប្បាយ។ ពេលនោះជនរងគ្រោះបានប្រគល់ប្រាក់ឱ្យទៅរូបគេ អស់ទឹកប្រាក់សរុបចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល)។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានណាត់ឱ្យជនរងគ្រោះមកយក តែពេលដែលជនរងគ្រោះមកយក គឺជារបស់ក្លែងក្លាយ។

តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានឆ្លើយបំភ្លឺថា រូបខ្លួនធ្លាប់បាននិយាយប្រាប់ជនរងគ្រោះថា ខ្លួនមានគោបាជារបស់សាកសិទ្ធិ ដោយឱ្យមើលតាមរយៈរូបថត ហើយខ្លួនបានទទួលស្គាល់ថា ពិតជាបាននិយាយឱ្យជនរងគ្រោះប្រគល់ប្រាក់ជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ពិតប្រាកដមែន ដោយប្រាក់ទាំងអស់នោះ ជនរងគ្រោះបានវេរឱ្យខ្លួនតាមរយៈកុងធនាគារ ABA ក្រោយពីទទួលប្រាក់ពីជនរងគ្រោះ រូបខ្លួនបានយកប្រាក់នោះទៅសងគេ និងចាយវាយផ្ទាល់ខ្លួនអស់ហើយ ចំពោះគោបាធ្វើពីសំរិទ្ធិនោះគឺគ្មានទេ គឺរូបខ្លួននិយាយកុហកជនរងគ្រោះ ចំពោះរូបសំណាកគោបានោះជារូបដែលខ្លួធ្វើខ្លួនឯងមិនមែនរបស់ពិតទេ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម