សន្តិសុខសង្គម
នគរបាលខេត្តព្រៃវែង ស្រាវជ្រាវបង្ក្រាបក្រុមផ្ដល់ប្រាក់កម្ចីខុសច្បាប់មានការប្រាក់ខ្ពស់ចំនួន៥ក្រុម និងឃាត់ខ្លួនមនុស្ស៦៤នាក់
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវ និងបង្ក្រាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួន៥ក្រុម ដែលមានអត្រាការប្រាក់ខ្ពស់ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៤នាក់ (ស្រី ២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។ បើតាមស្នងការដ្ឋានខេត្តព្រៃវែង ប្រតិបត្តការនេះកម្លាំងជំនាញបានស្រាវជ្រាវប្រើពេលរហូតដល់ទៅ២សប្ដាហ៍ទើបឈានដល់ការបង្ក្រាបនៅក្នុងមូលដ្ឋានស្រុកមួយចំនួន។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងប្រតិបត្តការបង្ក្រាប កម្លាំងជំនាញបានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤នាក់ (ស្រី ២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងចំណោមក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ក្រុមនោះ គឺសុទ្ធតែខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។ យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចី ដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ១៥ភាគរយ ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ ភាគរយ ។

ឆ្លងតាមរយៈការស្រាវជ្រាវ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ក្រុមនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលទាំង ១១៦ ឃុំ/សង្កាត់ ឱ្យពិនិត្យក្រុមដែលផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់បែបនេះ បើនៅតែបន្តផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ឬមានការគំរាមកំហែងដល់ប្រជាពលរដ្ឋ ត្រូវចាត់ទុកពួកគាត់ជាជនប្រព្រឹត្តបទល្មើស ហើយត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងត្រូវការពារប្រជាពលរដ្ឋឱ្យខាងតែបាន៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


