Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែង ទទួលបានសម្ភារឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានរៀបចំ “ពិធីប្រគល់-ទទួលសម្ភារឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង” ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ មានការចូលរួមពីលោកចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, និងលោក សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍, មន្ត្រីរដ្ឋបាលខេត្ត/ក្រុង/ស្រុក, និងមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ សរុបប្រមាណ ៤២០រូប។

សម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម មានចំនួន ១១៦ឈុត រួមមាន កុំព្យូទ័រយួរដៃកម្រិតខ្ពស់, ម៉ាស៊ីនព្រីនពណ៌, កាមេរ៉ាថតឯកសារ, និងឧបករណ៍ស្កេនស្នាមម្រាមដៃ ត្រូវបានប្រគល់ជូនឃុំ/សង្កាត់សរុប ១១៦ ក្នុងខេត្តព្រៃវែង ដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព, សុក្រឹតភាព, និងភាពសុខដុម នៃការផ្តល់សេវាគាំពារសង្គមជូនពលរដ្ឋគោលដៅ។

ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, កិច្ចការពង្រីកវិសាលភាពឆ្ពោះទៅអនុវត្តថ្នាលឌីជីថលគាំពារសង្គមកម្ពុជាទូទាំងប្រទេស នឹងត្រូវពង្រីកការអនុវត្តទៅដល់ខេត្តគោលដៅចំនួន១៥ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ និងឈានទៅសម្រេចវិសាលភាពទូទាំងប្រទេស នៅដំណាច់ឆ្នាំ២០២៦ នេះ។

សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រៃវែង ជាខេត្តទី៤ បន្ទាប់ពីខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលចាប់ផ្តើមអនុវត្តថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ស្របតាមផែនការពង្រីកវិសាលភាព ដែលបានគ្រោងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម