Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង មានប្រៀបលើ SP Falcons ៣ ចំណុច ជួបគ្នាថ្ងៃអាទិត្យនេះ

បានផុស

នៅ

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀប ៣ ចំណុចលើក្រុមភ្ញៀវមកពីម៉ុងហ្គោលី SP Falcons ក្នុងការប្រកួតបើឆាកពូល D ពានរង្វាន់ក្លិបទ្វីបអាស៊ីកម្រិតទី ៣ AFC Challenge League នៅថ្ងៃទី អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។

ក្រុមព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ទី ១ កត្តាអាកាសធាតុ

សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ។ ការធ្វើជាម្ចាស់ផ្ទះបែបនេះ គឺពិតជាមានផលចំណេញច្រើន​សម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយគ្រប់កីឡាករទាំងអស់ មានភាពបន្ស៊ាំរួចជាស្រេចជាមួយនឹង អាកាសធាតុ និងទីលានប្រកួតជាដើម។

ការធ្វើដំណើអាច ថា មិនមែនជាបញ្ហាចោទប៉ុន្មានទេ សម្រាប់ក្រុម SP Falcons ដោយសារពួកគេបានធ្វើដំណើមកដល់ កម្ពុជា តាំងពីកន្លះខែមុន។ ទោះ​ជា​យ៉ាង​ណា អាកាសធាតុ នៅតែចាំបាច់ ទោះពួកគេបានមកដល់យូរថ្ងៃក៏ដោយ ព្រោះនៅ ម៉ុងហ្គោលី គឺត្រជាក់ជាង កម្ពុជា ខ្លាំង ខណៈនៅ កម្ពុជា វិញ មានអាកាសធាតុក្តៅហើយសើម។

  • ទី ២ កត្តាទីលានប្រកួត

ក្រៅអំពីអាកាសធាតុ បញ្ហាទីលាន ក៏ជាកត្តាធំមួយផងដែរ ដែលធ្វើឱ្យព្រះខ័នរាជស្វាយរៀង មានប្រៀបលើ SP Falcons។ តាមរយៈប្រភពពីបណ្តាញសង្គម គឺកីឡាកររបស់ SP Falcons មិនសូវទម្លាប់នឹងការលេងលើស្មៅធម្មជាតិឡើយ ដោយសារទីលានរបស់ក្លិបនៅ ម៉ុងហ្គោលី ស្ទើរតែទាំងអស់ គឺប្រើស្មៅសិប្បនិមិត្ត នោះគឺមកពីកត្តាអាកាសធាតុត្រជាក់ពេក និងលក្ខខណ្ឌភូមិសាស្ត្រ។

កីឡដ្ឋានក្លិបនៅ ម៉ុងហ្គោលី (រូបតំណាង)

ដោយឡែកពហុកីឡដ្ឋានជាតិមរតកតេជោវិញ ព្រះខ័នរាជស្វាយរៀង ប្រើធ្វើជាម្ចាស់ផ្ទះ គឺប្រើស្មៅធម្មជាតិ ដែលនេះនឹងអាចបង្កជាផលពិបាកសម្រាប់ក្រុមភ្ញៀវ SP Falcons។ អ្វីដែលកាន់តែសំខាន់ទៀតនោះ គឺកីឡាករ ព្រះខ័នរាជស្វាយរៀង បានស្គាល់ច្បាស់រួចមកហើយ អំពីទីលានរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រោះទីនោះគឺជាទឹកដីរបស់ពួកគេសម្រាប់ការប្រកួតលីគកំពូល កម្ពុជា ក្នុងរដូវកាល ២០២៥-២០២៦ ។ កីឡាករ SP Falcons វិញ មិនធ្លាប់បានលេងនៅទីនេះពីមុនមកនោះទេ ពោលសូម្បីតែម្តង។

ពហុកីឡដ្ឋានជាតិ មរតកតេជោ
  • ទី ៣ បទពិសោធលើឆាកអន្តរជាតិ

ពាក់ព័ន្ធជាមួយនឹងបទពិសោធក្នុងពានអន្តរជាតិ គឺក្រុម SP Falcons មិនតិចខ្លាំងមែនទែន បើធៀបជាមួយក្រុម ព្រះខ័នរាជស្វាយរៀង។ ដ្បិតក្លិប SP Falcons បានបង្កើតឡើងក្នុងរយៈពេលប្រហាក់ប្រហែលនឹង ព្រះខ័នរាជស្វាយរៀង ក៏ពិតមែន ប៉ុន្តែបើនិយាយពីបទពិសោធក្នុងពានរង្វាន់អន្តរជាតិវិញ គឺពួកគេទើបចូលរួមបាន ២ លើកប៉ុណ្ណោះ ដោយលើកទី ១ គឺពាន ACGL កាលពីរដូវកាលមុន និងលើកទី ២ គឺពាន ACGL ក្នុងរដូវកាលនេះ។

ក្រុម SP Falcons

ចំណែកក្រុម ព្រះខ័នរាជស្វាយរៀង វិញ ធ្លាប់មានប្រវត្តិលេងពានអន្តរជាតិមិនតិចដងនោះទេ ក្នុងនោះមានទាំងពានក្លិបទ្វីប អាស៊ី កម្រិតទី ២ ដែលពេលនោះប្រើឈ្មោះ AFC Cup, ពាន AFC Challenge League តាំងពីពេលប្រើឈ្មោះចាស់ AFC President’s Cup រហូតមកដល់ប្រើឈ្មោះថ្មីនេះ និងពានថ្នាក់តំបន់ ASEAN Club Championship។ រឿងដ៏ចាប់អារម្មណ៍មួយទៀត គឺក្នុងពាន ACGL កាលពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងថែមទៀត។

បន្ថែម​លើ​កត្តា​ ៣ ចំណុច​ខាង​លើ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​អ្នក​គាំទ្រ​ចូល​រួម​លើក​ទឹក​ចិត្ត​ផ្ទាល់​ច្រើន ហើយ​សមត្ថភាព​ក្រុម​ក៏​ល្អ​នា​រដូវ​កាល​នេះ ដូច្នេះ​ក្រុម​ម្ចាស់​ផ្ទះ​មាន​ទំនុក​ចិត្ត​ខ្ពស់។

ក្រុមព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករងក្នុងពាន ACGL

គួរបញ្ជាក់ជាថ្មី ថា ការប្រកួតបើកឆាកពូល D ក្នុងពាន ACGL គឺព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយក្រុម SP Falcons វេលាម៉ោង ៤ រសៀល ថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម