Connect with us

កីឡា

ធ្វើការ​ធ្ងន់រយៈ​ពេល​ ១៥ ថ្ងៃ ព្រះ​ខ័ន​រាជ​ស្វាយរៀង លេង ៥ ប្រកួត

បានផុស

នៅ

រយៈ​ពេល ១៥ ថ្ងៃ​ នៃ​ខែ​កុម្ភៈ ឆ្នាំ ២០២៦ ក្រុម​បាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​លេង​ចំនួន ៥ ប្រកួត​ដែល​ជា​ពេល​វេលា​​ដ៏​មមាញឹក និង​ធ្វើ​ការ​ធ្ងន់ ប៉ុន្តែ​លោក​គ្រូ​​បង្វឹក​ចាត់​ទុក​ជា​រឿង​ល្អ​សម្រាប់​ក្រុម​ដែល​បាន​លេង​ញឹក​ញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ កង​យោធពលខេមរភូមិន្ទ ដោយ​លទ្ធផល ៦-៣ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​ ១៨ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​ប្រកួត​ជា​មួយ ក្រុម Lion City Sialors នា​ថ្ងៃ​​ព្រហស្បតិ៍ ទី ​៥ ខែ​កុម្ភៈ ដែល​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពានក្លិប​កំពូល​អាស៊ាន ASEAN Club Championship។

នៅ​ថ្ងៃ​សុក្រ ទី៦ ខែ​កុម្ភៈ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ធ្វើ​ដំណើរ​ពី​​សិង្ហបុរី មក​ស្រុក​កំណើត​វិញ ហើយ​មាន​ពេល​តែ​មួយ​ថ្ងៃគត់​​គឺ​នៅ​ថ្ងៃ​សៅរ៍ ទី៧ ខែកុម្ភៈ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ អាយអេសអាយ ដង្កោសែន​ជ័យ នា​ថ្ងៃ​អាទិត្យ ​ទី ៨ ខែ​កុម្ភៈ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​ ១៩ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

៣​ ថ្ងៃ​បន្ទាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ ក្រុម​បាត់ដំបង យូណៃធីត នាថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ ជើង​ទី ២ វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

៣​ ថ្ងៃ​​ក្រោយ​ទៀត​ ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ ក្រុម អឹមអូអាយ កំពង់ដេវ៉ា នា​ថ្ងៃ​អាទិត្យ ទី១៥ ខែ​កុម្ភៈ នៅ​កីឡដ្ឋាន​វិសាខា សម្រាប់​សប្តាហ៍​ទី​២០ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

នៅ​ខែ​ក្រោយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង រឹត​តែ​ធ្វើ​ការ​ធ្ងន់​បន្ថែម​ទៀត​ក្នុង​ពាន​រង្វាន់ AFC Challenge League ដោយ​ពីរ​ប្រកួត​ត្រូវ​ប៉ះ​ភ្នំពេញក្រោន និង​ពាន​សម្តេច​តតេជោ ហ៊ុន សែន ឈាន​ដល់​វគ្គ​កាន់​តែ​លំបាក ខណៈ លីគ​កំពូល​កម្ពុជា​ក៏​កាន់​តែ​ប្រជែង​ខ្លាំង។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ លោក Matthew McConkey គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​លើក​ឡើង​ថា រាល់​ការ​ប្រកួត ក្រុម​របស់​លោក​តែង​តែដាក់​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​និច្ច។ វា​ជា​រឿង​ល្អ​ដែល​ក្រុម​របស់​លោក​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​រៀង​រាល់​សប្តាហ៍។

១៥ ថ្ងៃ​សម្រាប់ ៥ ប្រកួត​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ឈ្នះ កង​យោធពលខេមរភូមិន្ទ ៦-៣ ថ្ងៃ​ទី​១ ខែ​កុម្ភៈ
  • ឈ្នះ Lion City Sailors ២-០ ថ្ងៃ​ទី៥ ខែ​កុម្ភៈ
  • ជា​មួយ អាយអេសអាយ  ដង្កោសែន​ជ័យ ថ្ងៃ​ទី៨ ខែ​កុម្ភៈ
  • ជា​មួយ បាត់ដំបង យូណៃធីត ថ្ងៃទី​១១ ខែ​កុម្ភៈ
  • ជា​មួយ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម