Connect with us

កីឡា

ពាន​រង្វាន់​បាល់ទះ​តេជោលីគ​ លើក​ទី៣​ បន្ថែម​ទាំង​លក្ខខណ្ឌ​ថ្មី និង​បន្ថែម​ទាំង​ប្រាក់​រង្វាន់​

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រកាស​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​ហើយ​ ខណៈ​ឆ្នាំ​ថ្មី​នេះ​បន្ថែម​ទាំង​លក្ខខណ្ឌ​ក្នុង​ការ​ដោះដូរ​កីឡាករ​ និង​បន្ថែម​ទាំងប្រាក់​រង្វាន់​ដល់​ក្រុម​ជាប់​លេខ១​ នៅ​ជុំ​ទី១​ និង​ជុំ​ទី២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់តេជោលីគ

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​បញ្ហា​សង្គ្រាម​ជា​មួយ​សៀម​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ពាន​រង្វាន់​តេជោលីគ ​រដូវ​កាល​ទី៣​ នេះ​លើក​ពេល​រហូតមក​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ ឆ្នាំ​២០២៦​ វិញ។​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​បន្ថែម​នូវ​លក្ខខណ្ឌ​ថ្មី​មួយ​គឺ​នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ជុំ​ទី១​ អំឡុង​ពេល​សម្រាក​ជិត​ ២សប្ដាហ៍​នោះ​ក្រុម​និមួយៗ​អាច​ទិញ​កីឡាករ​ដើម្បី​​ដោះដូរ​ក្រុម​ឡើង​វិញ​បាន​ទាំង​ខ្មែរ​ និង​បរទេស​សរុប​ ៦នាក់។​ ដូច្នេះ​ក្លឹប​ណា​ដែល​មាន​កីឡាករ​របួស​ ឬ​លេង​មិន​សូវ​ស៊ីសង្វាក់គ្នា​អាច​មាន​ឱកាស​កែ​សម្រួល​ឡើង​វិញ​បាន។​

លោក​ អាំង​ សិរីពិសិដ្ឋ​

ចំពោះ​ប្រាក់​រង្វាន់​នៅ​ឆ្នាំ​នេះ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ​ ពោល​ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១​ នៅ​បញ្ចប់​វគ្គ​ទី១​ គឺ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ៤លាន​រៀល​បន្ថែម​​ទៀត។​ នៅ​ជុំ​ទី២​ ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នោះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ៤លាន​រៀល​បន្ថែម​ទៀត។​ ឆ្នាំ​នេះ​ផង​ដែរ​សហព័ន្ធ​ព្យាយាម​ធ្វើ​យ៉ាង​ណា​បន្ថែម​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​ក្រុម​ដែល​ចូលរួម​ឲ្យ​ទទួល​បាន​ច្រើន​ជាង​មុន​ផង​ដែរ។​ ប្រាក់​រង្វាន់​ដែល​សហព័ន្ធ​បាល់ទះ​ប្រើប្រាស់​នៅ​ក្នុង​ពាន​រង្វាន់​តេជោលីគ​ ឆ្នាំ​២០២៦​ នេះ​មាន​រហូត​ដល់​ជាង​ ១០០​លាន​រៀលឯណោះ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​សហព័ន្ធ​កីឡា​បាល់ទះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់​តេជោ​លីគ​ រដូវ​កាល​ទី៣​ ឆ្នាំ​២០២៦​ ចាប់​ពី​ថ្ងៃ១៦​ ឧសភា​ នេះ​តទៅ។​ ការ​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​ ៨​គឺ​ 1. ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស 2. សមាគមកីឡាបាល់ទះវិសាខា 3. សមាគមបាល់ទះក្រសួងមហាផ្ទៃ 4. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្ត​ស្វាយរៀង 5. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ 6. ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ 7. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តកោះកុង 8. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន ​នៃពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម