Connect with us

កីឡា

សល់​២​ឆ្នាំ​គត់​សម្រាប់​CAMSOC រួមចិត្ត រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​ សម្រាប់​ព្រឹត្តិការណ៍​កីឡា SEA GAMES-ASEAN PARA GAMES 2023

បានផុស

នៅ

ថ្ងៃទី​៥ ឧសភា ២០២១ ដល់​ថ្ងៃទី​៥ ឧសភា ២០២៣ គឺជា​ខួប​រាប់​ថយក្រោយ ២​ឆ្នាំ​ពេញ នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES-ASEAN PARA GAMES 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយក៏​ជា​២​ឆ្នាំ ដែលជា​ពេលវេលា​សេសសល់ សម្រាប់ CAMSOC រួមចិត្ត រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ។​ នេះ​ជា​ការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​លើក​ទី​៣២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​កម្រិត​តំបន់​(​ស៊ី​ហ្គេម​) ជា​លើកដំបូង​ក្នុង​ឋានៈ​ជា​ស្ថាបនិក និង ជា​សមាជិក​មួយ​រូប​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ។​

គិត​ត្រឹម​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២១នេះ កម្ពុជា​នៅសល់​២​ឆ្នាំ​គត់​(៧៣០​ថ្ងៃ​) ទៀត​ប៉ុណ្ណោះ នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ តទៅ​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ​មាន​ចំនួន ៧៣០ ថ្ងៃ​គត់។ រីឯ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​រៀបចំ​ធ្វើ​បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ ប្រមាណ​២​សប្តាហ៍ ដែលមាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២៣​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ី​អាគ្នេ​យ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(​គ​.​ជ​.​ប​.​អ​) បាន​បញ្ជាក់​ថា ថ្ងៃទី​៥ ឧសភា ២០២១ ដល់​ថ្ងៃទី​៥ ឧសភា ២០២៣ គឺជា​ខួប​រាប់​ថយក្រោយ ២​ឆ្នាំ​ពេញ​នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES-ASEAN PARA GAM ES 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ក៏​ជា​២​ឆ្នាំ ដែលជា​ពេលវេលា​សេសសល់ សម្រាប់​CAMSOC រួមចិត្ត រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ។ មកដល់​ថ្ងៃនេះ គឺ​យើង​នៅសល់​៧៣០​ថ្ងៃ គត់​ដូច្នេះ​យើង​ត្រូវ​ដាក់​គោលដៅ​មុត​ស្រួច​ស៊ីជម្រៅ​ព្រមទាំង​ភាពប្រាកដប្រជា ទៅគ្រប់​ជំនាញ​ទាំងអស់ ដោយ​ត្រូវ​ធ្វើការ​ឲ្យ បាន​ហ្មត់ចត់ ត្រៀម​ខ្លួន​ធ្វើ​ផែនការ​យុទ្ធ​សាស្ត្រ​ធ្វើ​កម្មវិធី​លម្អិត​ទាំងអស់ សម្រាប់​ពេល វេលា​ដែល​នៅសល់​៧៣០​ថ្ងៃនេះ ដើម្បី​ឲ្យ​កាន់តែ​ប្រាកដប្រជា​ថា នឹង​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ជា​លើកដំបូង​ជា​ប្រវត្តិ សាស្ត្រ​របស់​កម្ពុជា​។ នៅ​ក្នុង​ដំណាក់កាល​នេះ យើង​បន្ត​ការប្រឹងប្រែង​តាម​ពេលវេលា​ជាក់ស្តែង​ជា​បន្តបន្ទាប់។​

លោក​អគ្គលេខា​CAMSOC បញ្ជាក់ថា នៅក្នុង​ពេលវេលា​នៅសល់​៧៣០​ថ្ងៃនេះ យើង​កាន់តែ​ខិតខំ​បង្កើន​គុណ​ផល​កីឡា ដោយ​លោក​បាន​អំពាវនាវ​ដាស់តឿន ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ សូម​ស្វែងរក​លទ្ធភាព​ក្នុងការ​ហ្វឹកហាត់​ឲ្យ​កាន់តែ​មុត​ស្រួច​ខ្លាំងក្លា ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ ដោយ​ធ្វើយ៉ាងណា​បង្កើន​ឲ្យ​បាន​នូវ​សិទ្ធិ​ផល​របស់ខ្លួន ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ។ ជាមួយគ្នា​នោះ លោក​ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​កីឡា​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រាប់​ថយក្រោយ​និង​ចូលរួម​ធ្វើ​កិច្ចការ​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​នៃ​ដំណើ​រ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឲ្យ​ដំណើ​រការ​ដោយ​រលូន និង​ជោគជ័យ​ជា​ជំហាន​ផងដែរ​។​

គួរ​រម្លឹក​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​ជា​ផ្លូវការ​១០០០​ថ្ងៃ កាលពី​ថ្ងៃ ទី​៧ ខែសីហា ឆ្នាំ​២០២០ ដែល​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ការពារ ជាតិ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)៕​

អត្ថបទ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម