ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា ដែលមានអាយុពី ១២ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ចំនួន ២២៦នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២រួចរាល់ហើយ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាល អាយុក្រោម ១៨ឆ្នាំ នៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ។
យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និង ក្មេងជំទង់ដែលមានអាយុចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំ កាលពីដើម ខែសីហាកន្លងទៅ។ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារវ៉ាក់សាំងនៃក្រសួង ការពារជាតិ ក៏ដូចជាសហព័ន្ធកីឡាជាតិ ក៏បានរៀបចំចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ ដែលត្រូវចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។
មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងខាងលើបានបញ្ជាក់ថា កីឡាករ – កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី២ថ្ងៃនេះ មានចំនួន ២២៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា ក៏មានការរៀបចំចាក់វ៉ាក់សាំងជូនបុគ្គលិក និងកម្មករ- កម្ម ការិនីសាងសង់ភូមិកីឡានៃពហុកីឡដ្ឋានជាតិចំនួន ៩៧នាក់ផងដែរ។ ដូច្នេះសរុបកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល បុគ្គលិកនិងកម្មករ- កម្មការិនីសាងសង់ភូមិកីឡា ដែលបានចាក់ដូសទី២ រួចរាល់ថ្ងៃនេះ គឺមានចំនួន ៣២៣នាក់ ។
ក្រោយទទួលបានវ៉ាក់សាំង ២លើករួចមក កីឡាករ- កីឡាការិនីជម្រើសជាតិថ្នាល បានសម្ដែងការសប្បាយចិត្តជាខ្លាំង ពិសេសបានបង្កើនទំនុកចិត្តដល់ការហ្វឹកហាត់របស់ពួកគេ ដោយមិនមានអារម្មណ៍ភ័យខ្លាច ឬ ព្រួយបារម្ភដូចមុន ស្របពេលកីឡាករ-កីឡាការិនី ជម្រើស ជាតិថ្នាល ក៏ដូចជាក្រុមជម្រើសជាតិ គ្រោងធ្វើ ការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់នាពេលឆាប់ៗខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាការត្រៀមចេញទៅហ្វឹកហាត់រយៈ ពេលវែងនៅចិន ដើម្បីបង្កើនសមត្ថភាពនិងបច្ចេកទេសត្រៀមស៊ីហ្គេម ២លើកចំពោះមុខ។
ដោយឡែកនៅថ្ងៃទី០១ ខែកញ្ញាខាងមុខ គណៈកម្មាធិការជាតិ CAMSOC នឹងបន្ដរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹក នាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងក្រុមការងារ និងសិល្បៈករ-សិល្បៈការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលត្រៀម ចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម បន្ដវេនធ្វើម្ចាស់ផ្ទះពីប្រទេសវៀតណាម សរុបចំនួន ៦៧៣នាក់ទៀត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ គណៈកម្មាធិការជាតិ CAM SOC បានរៀបចំការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំមន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ នៅពហុកីឡដ្ឋានជាតិមរតកតេជោជាច្រើនមកហើយ ពិសេសកាលពី សប្ដាហ៍មុន CAMSOC បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡាគ្រូបង្វឹកនិងកីឡាករ-កីឡាការិនីសរុប ១,២២៩នាក់ ៕
អត្ថបទ៖ វិសិទ្ធ