កីឡា
១១ ក្រុម ត្រៀមប្រកួតបាល់ទះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ ចុងសប្ដាហ៍នេះ
ក្រុមបាល់ទះជាសមាជិកទាំង ១១ ក្រុម ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២២ បានគណៈកម្មការរៀបចំការប្រកួតចាប់ឆ្នោតបែងចែកពូលរួចរាល់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈការប្រកួតចាប់ដំណើរទៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ចុងសប្ដាហ៍នេះតទៅ។

លទ្ធផល នៃការចាប់ឆ្នោតឃើញថា ៖
ពូល A ៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ពូល B ៖ បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប។
ពូល C ៖ ក្លិបកងពលធំអន្តរាគមន៍លេខ ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ពូល D ៖ សមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោក តែន ឡន អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ជាក់ថា ក្រុមដែលមានឈ្មោះចូលរួមនេះ មាន ៥ ក្រុម (បានពីការអញ្ជើញ) និង ៦ ក្រុម ដែលឡើងមកពីពានរង្វាន់សម្ដេចក្រឡាហោម កន្លងទៅ។ ជាដំបូងក្រុមដែលចូលរួមទាំង ១១ នេះ ត្រូវបែងចែកជា ៤ ពូល ប្រកួតវិលជុំ ១ ជើងសន្សំពិន្ទុ ហើយក្រុមលេខ ១ និងលេខ ២ តាមពូលនីមួយៗ មានឈ្មោះឡើងទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែលការបែងចែកពូលប្រកួតវិលជុំជម្រុះ ហើយក្រុមដែលឈ្នះ មានឈ្មោះបន្តកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ នេះជាសកម្មភាពប្រកួតមួយក្នុងចំណោមសកម្មភាពមួយចំនួនដែលសហព័ន្ធរៀបចំឡើងនៅឆ្នាំ ២០២២ នេះ។
លោកបន្តថា ៖ «ព្រឹត្តិការណ៍នេះ នឹងកក្រើកក្នុងពិភពបាល់ទះ យើងបានជីកកកាយពានរង្វាន់នេះឡើងវិញ ខណៈនៅទសវត្សទី ៩០ ធ្លាប់បានរៀបចំម្តងរួចមកហើយ។ ព្រឹត្តិការណ៍នេះក៏យើងទទួលបានការឯកភាពពី សម្ដេច ផងដែរ។ ខ្ញុំជឿជាក់ថា និរន្តរភាព នៃពានរង្វាន់នេះ នឹងរៀបចំឡើងរៀងរាល់ឆ្នាំ ព្រោះថា បើចង់បានគុណផលសម្រាប់ជាតិបានទាល់តែមានព្រឹត្តិការណ៍ នៃការប្រកួតឲ្យបានច្រើន។ ព្រឹត្តិការណ៍ នៃការប្រកួតនេះ យើងត្រូវបែងចែកជាកម្រិត នៃការប្រកួតផងដែរ។ ពានរង្វាន់កាន់តែធំ កីឡាករអាជីពមានកាន់តែច្រើន»។

តាមគម្រោងការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នេះ នឹងរៀបចំប្រកួតពីថ្ងៃ ១៥ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ នៅកីឡដ្ឋានព្រីនស៍។ សម្រាប់ក្រុមជ័យលាភីវិញ នឹងទទួលបានដូចជា ៖
-ក្រុមជើងឯក ៖ ពានរង្វាន់ធំ ១ មេដាយមាសម្នាក់ ១ អមដោយថវិកា ១ ម៉ឺនដុល្លារ។
-ជើងឯករង ៖ មេដាយប្រាក់ ម្នាក់ ១ អមដោយថវិកា ៥ ពាន់ដុល្លារ។
-លេខ ៣ ៖ មេដាយសំរឹទ្ធិ ម្នាក់ ១ អមដោយថវិកា ៣ ពាន់ដុល្លារ។
-លេខ ៤ ៖ ថវិកា ២ ពាន់ដុល្លារ។
ក្រៅពីនោះ ក៏មានពានរង្វាន់ឯកត្តជនដែរ ដោយសម្រាប់កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។
អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ នេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ គូដែរ ដោយក្នុងនោះ ៖
-១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧ យប់។
-២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧ យប់៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


