កីឡា
ព្រឹត្តិការណ៍ស៊ីហ្គេម ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ ប្រភេទ
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (32 SEA GAME) ខេត្តព្រះសីហនុ ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ ប្រភេទ ៖ ទី១.កីឡាទូកក្តោង ,ទី២.កីឡាម៉ូតូទឹក ,និងទី៣.កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបចំប្រកួតនៅលើផ្ទៃសមុទ្រឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង) និងនៅពយជំទាវម៉ៅ។

នៅក្នុងកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ កាលពីរសៀលថ្ងៃទី ១ ឧសភា លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា កីឡា ៣ ប្រភេទ មានដូចជា កីឡាទូកក្តោង រៀបចំនៅឆ្នេរសុខា បានរៀបចំរួចរាល់ ១០០ ភាគរយ ដែលត្រូវចាប់ផ្ដើមធ្វើការប្រកួតនៅថ្ងៃទី ២ ខែឧសភា វេលាម៉ោង ១០ ព្រឹក និងបញ្ចប់ការប្រកួតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។ ចំពោះកីឡាម៉ូតូទឹក មិនទាន់រៀបចំ ដោយសារពេលបញ្ចប់ការប្រណាំងទូកក្តោង នឹងយកទីតាំងនេះ រៀបចំធ្វើការប្រណាំងកីឡាម៉ូតូទឹកបន្ត។ ដោយឡែកចំពោះការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់រៀបចំនៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។

លោកស្រីបានបន្តថា ការប្រកួតកីឡាទាំងបីប្រភេទ ក៏មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧ នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្ដាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានិមួយៗ ដើម្បីឲ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូ កាន់តែមានភាពងាយស្រួល។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសប្រកួតកីឡាស៊ីហ្គេម ត្រូវបណ្ដុះបណ្ដាលដល់យុវជនស្ម័គ្រចិត្តពីរបៀបរបប នៃការសម្របសម្រួលដល់ក្រុមប្រតិភូកីឡាដែលមកចូលរួមប្រកួតស៊ីហ្គេមលើកទី ៣២ នៅខេត្តព្រះសីហនុ ស៊ីហ្គេម។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡា នៃបណ្ដាប្រទេសដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដូច្នេះគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមនានានៅតាមគោលដៅរបស់ខ្លួនឲ្យបានល្អ។

ទន្ទឹមនោះ រដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានទស្សនាដោយសេរី ប្រកបដោយសេចក្ដីសប្បាយរីករាយនាពេលខាងមុខ។

លើសពីនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងស៊ីហ្គេម ២០២៣ ចាប់ផ្ដើមដំណើរការពីថ្ងៃទី ០២ ខែឧសភា នេះតទៅហើយ នៅខេត្តព្រះសីហនុ ដល់ថ្ងៃទី ០៨ ខែឧសភា មាន ៣ វិញ្ញាសា គឺ បុរស, នារី និងចម្រុះ មាន ៦ ប្រទេស ចូលរួម មានម្ចាស់ផ្ទះកម្ពុជា, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម។
ចំពោះកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី ១១ ខែឧសភា និងបញ្ចប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ និងកីឡាម៉ូតូទឹក ចាប់ផ្ដើមប្រកួតថ្ងៃទី ១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


