Connect with us

កីឡា

កម្ពុជា​បញ្ជូនកីឡា១៧​ប្រភេទ​ទៅប្រកួតកីឡាទ្វីបអាស៊ីនៅចិន

បានផុស

នៅ

កម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន​១៧​ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ី (Asian Games) លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន។ នេះ​ជា​ការ​បញ្ជូន​ចំនួន​កីឡា​ច្រើន​បំផុត​ទៅ​​​ចូល​រួម​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រហែល​ជា​១៥​​លើក​កន្លង​មក។

សម្រាប់​ការ​ចូល​រួម​ប្រកួត​គិត​ចាប់​តាំង​ពី​លើក​ទី១ ឆ្នាំ​១៩៥៤ រហូត​ដល់​លើក​ចុង​ក្រោយ ឆ្នាំ​២០១៨ មិន​ធ្លាប់​បាន​បញ្ជូន​ចូល​រួម​ប្រកួត​ច្រើន​ប្រភេទ​កីឡា​ដូច​ឆ្នាំ​២០២៣​នេះ​ទេ។ ឆ្នាំ​ដែល​ចូល​រួម​ប្រកួត​ច្រើន​បំផុត​គឺ១៩៦២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កម្ពុជា​បញ្ជូន​អត្តពលិក​៧៤​នាក់ និង​ឆ្នាំ​១៩៩៨ នៅ​ប្រទេស​ថៃ កម្ពុជា​បញ្ជូន​១០៤​នាក់។

កាល​ពី​ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​៤៣​នាក់​លើ​១៣​ប្រភេទ​គឺ អត្តពលកម្ម ហែលទឹក ទូកកានូអ៉ីង គុនដាវ កាយសម្ព័ន្ធ ម៉ូតូទឹក ជឺជីតស៊ូ យូដូ ការ៉ាតេ ទូក​ក្តោង សូហ្វតិន្នីស តេក្វាន់ដូ និង ចំបាប់។

បើ​តាម​ការ​ឲ្យ​ដឹង​ពីគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ ​នេះ កម្ពុជា​គ្រោង​​បញ្ជូន​កីឡា​ចំនួន​១៧​ប្រភេទ ក្នុង​នោះ​មាន​កីឡា​ថ្មី​ខ្លះ​ដូចជា បាល់បោះ គ្រីឃីត និង​អុកចិន​ជា​ដើម។ ខាង​ក្រោម​ជា​កីឡា​ទាំង​១៧​ប្រភេទ៖

  1. បាល់ទះ
  2. បាល់បោះ
  3. អត្តពលកម្ម
  4. ហែលទឹក
  5. គ្រីឃីត
  6. យូដូ
  7. ចំបាប់
  8. វាយសី
  9. ជឺជីតស៊ូ
  10. ការ៉ាតេ
  11. ទូក​ក្ដោង
  12. តេក្វាន់ដូ WT
  13. ទ្រីយ៉ាត្លុង
  14. ទូកប្រពៃណី
  15. សូហ្វតិន្នីស
  16. អុកចិន
  17. គុនដាវ

សូម​បញ្ជាក់​ថា រហូតដល់​ពេល​នេះ កម្ពុជា​ឈ្នះ​មេដាយ​មេដាយ​មាស​៣​គ្រឿង​ពី​កីឡា​អាស៊ី​​​គឺ ស៊ន សៀវម៉ី ឆ្នាំ​២០១៤, ខាន់ ចេសា និងសាលី អ៊ូម៉ើត ឆ្នាំ​២០១៨៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម