Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀងបន្ថែមពិន្ទុនាំមុខឈរលើកំពូលតារាងកាន់តែច្រើន

បានផុស

នៅ

ក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​បង្កើន​ពិន្ទុ​នាំ​មុខ​គូ​ប្រជែង​កាន់​តែ​ច្រើន បន្ទាប់​ពី​បាន​យក​ឈ្នះ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៣-២ យប់​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ជា​ការ​ប្រកួត​ធំ​ប្រចាំ​សប្តាហ៍​ទី​២០ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​រាប់​ពាន់​នាក់ ក្រុម​ភ្ញៀវ​​បាន​​បើក​ការនាំ​មុខ ០-១ ដោយ​ខ្សែ​ប្រយុទ្ធ Shimizu Shintaro នៅ​នាទី​២០ ប៉ុន្តែ​វគ្គ​ទី​១ ខ្សែ​ការពារ សារ៉េត គ្រីយ៉ាង បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្នំពេញ​ក្រោន​ដើម្បី​តាម​ស្មើ ១-១។ នៅ​វគ្គ​ទី២ ភ្នំពេញ​ក្រោន​បាន​នាំ​មុខ​សាថ្មី ១-២ ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ដដែល​នៅ​នាទី​៥៧។ ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​តាម​ស្មើ​ម្តង​ទៀត ២-២ ដោយ​ខ្សែ​បម្រើ​កណ្តាល​ជប៉ុន Ryo Fujii នៅ​នាទី​៦៨។ បន្ទាប់​ពី​តាម​ស្មើ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បើក​ការ​នាំ​មុខ​វិញ​ម្តង ៣-២ ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ឡាវ Bounphachan នៅ​នាទី​៨៥ ដែល​លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

តាម​រយៈ​លទ្ធផល​ខាង​លើ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​បន្តឈរ​លើ​កំពូល​តារាង​ ដោយ​មាន​៥០​​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​១៦​ដង ស្មើ​២​ដង និង​ចាញ់​​២​ដង។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ភ្នំពេញ​ក្រោន មាន​៤៥​ពិន្ទុ​ តាម​ពី​ក្រោយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ត​៥​ពិន្ទុ ដោយ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ឈ្នះ​​១​៤​ដង ស្មើ​៣​ដង និង​ចាញ់​៣​ដង។

គិត​ត្រឹម​ថ្ងៃ​ទី​​៤ ខែ​កុម្ភៈ ​ប្រវត្តិ​ជួប​គ្នា​​៨​​លើក​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​​ខេមបូឌានព្រីមៀរលីគ​នៅ​រដូវ​កាល​២០២២-២៣ និង​រដូវ​កាល​២០២៣-២៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ជ័យជម្នះ៤​​លើក ភ្នំពេញ​ក្រោន​ទទួល​បាន​ជ័យជម្នះ​៣​លើក និង​ស្មើ​គ្នា​១​លើក។

កំណត់​ត្រា​ជួប​គ្នា​៨​លើក​ចុង​ក្រោយ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-២ ភ្នំពេញ​ក្រោន (៤ កុម្ភៈ ២០២៤)
  • ភ្នំពេញ​ក្រោន ០-០ ព្រះ​ខ័ន​រាជ​ស្វាយរៀង (២២ វិច្ឆិកា ២០២៣)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ភ្នំពេញ​ក្រោន (១១ កញ្ញា ២០២៣)
  • ភ្នំពេញ​ក្រោន ១-០ ព្រះ​ខ័ន​រាជ​ស្វាយរៀង (២០ វិច្ឆិកា ២០២២)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-៥ ភ្នំពេញ​ក្រោន (១៦ វិច្ឆិកា ២០២២)
  • ភ្នំពេញ​ក្រោន ៣-០ ព្រះ​ខ័ន​រាជ​ស្វាយរៀង (២០ កញ្ញា ២០២២)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-០ ភ្នំពេញ​ក្រោន (៥ សីហា ២០២២)
  • ភ្នំពេញ​ក្រោន ១-៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង (១២ មីនា ២០២២)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម