កីឡា
ថ្ងៃអនាគត សហព័ន្ធបាល់ទះនឹងកំណត់កម្ពស់ចាប់ពី១.៩០ម៉ែត្រឡើងសម្រាប់ជម្រើសជាតិ
នៅថ្ងៃអនាគត សហព័ន្ធកីឡាបាល់ទះកម្ពុជាអាចនឹងកំណត់កម្ពស់កីឡាករចាប់ពី១.៩០ម៉ែត្រឡើងទៅសម្រាប់ការជ្រើសរើសក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាដើម្បីប្រកួតព្រឹត្តិការណ័អន្តរជាតិនានា។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ក្នុងបទសម្ភាសកន្លងមកថា កីឡាករបាល់ទះកម្ពុជាទាំងនៅរាជធានី និងតាមបណ្តាខេត្តនានាសុទ្ធតែមានទេពកោសល្យ ប៉ុន្តែអ្វីដែលខ្វះខាតគឺកាយសម្បទា។ ការប្រកួតក្នុងពានរង្វាន់អន្តរជាតិមិនមែនត្រូវការត្រឹមតែសមត្ថភាព ទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានអំណោយផ្នែកកាយសម្បទាថែមទៀតទើបអាចប្រកួតប្រជែងជាមួយគេបាន។
លោក សិរីពិសិដ្ឋ បានលើកឡើងថា ៖«យើងដឹងហើយ ប្រភេទកីឡាបាល់ទះនេះទាមទារកាយសម្បទាជាចម្បងមួយ។ ក្នុងករណី យើងមានសមត្ថភាពខ្លាំងបែបណាក៏ដោយ ប៉ុន្តែកម្ពស់របស់យើងទាបជាងគេគឺក្រោម១.៨៥ម៉ែត្រ ពិបាកនឹងប្រកួតប្រជែងជាមួយគេណាស់ ពីព្រោះភាគច្រើនកីឡាកររបស់គេទាបបំផុតក៏ជាង១.៩០ម៉ែត្រដែរ»។

«អីចឹង យើងចាំបាច់ឲ្យអត្តពលិកជំនាន់ក្រោយរបស់យើងត្រូវមានកម្ពស់ខ្ពស់គឺមិនអាចក្រោម១.៩០ម៉ែត្របានទេសម្រាប់ថ្ងៃអនាគត។ អាចនឹងមានលាយតូចតូច ពាក់ព័ន្ធនឹងកម្ពស់១.៨៥ម៉ែត្រជាដើម ប៉ុន្តែត្រូវមានទេពកោសល្យនៃការលោតហោចណាស់បាន៣.៤០ម៉ែត្រ ឬ៣.៥០ម៉ែត្រ ឬក៏៣.៥០ម៉ែត្រជាងទើបអាចជ្រើសរើស»។ លោកបានសង្កត់ធ្ងន់។
ផ្អែកលើបញ្ជីចាស់ផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលទទួលបានមេដាយប្រាក់ជាលើកដំបូងចាប់តាំងពីចប់សង្គ្រាមមកគឺមានកីឡាករកម្ពស់ជាង២ម៉ែត្រម្នាក់ កីឡាករមានកម្ពស់ជាង១.៩០ម៉ែត្រ៧នាក់ និងកីឡាករមានកម្ពស់ជាង១.៨០ម៉ែត្រ៧នាក់។

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងជ្រើសរើស និងប្រមូលផ្តុំក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ និងក្រុមធំដើម្បីហ្វឹកហាត់ត្រៀមប្រកួតជម្រុះបាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំ (2024 Asian U20 Volleyball Championship), ជើងឯកលីគបាល់ទះអាស៊ាន (SEA V. League) និងពានរង្វាន់អន្តរជាតិផ្សេង ទៀតមុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃមកដល់។
កីឡាបាល់ទះកម្ពុជារីកចម្រើនគួរឲ្យកត់សំគាល់ក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះ បន្ទាប់ពីសហព័ន្ធបានផ្លាស់ប្តូរថ្នាក់ដឹកនាំរហូតបានឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមក២០២២) និងឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង គិតចាប់តាំងពីពីឆ្នាំ១៩៧៥មក។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានសហការជាមួយបណ្តាមួយចំនួន បានបង្កើនលីគបាល់ទះកំពូលកម្ពុជា និងពានរង្វាន់ផ្សេងៗទៀត ស្របពេលទទួលបានការចាប់អារម្មណ៍គាំទ្រកាន់តែខ្លាំងពីមហាជន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ