Connect with us

កីឡា

ថ្នាក់​ដឹក​នាំ​បាល់ទះ​បារម្ភផ្នែក​ស្មារតីនៅពេល U20 កម្ពុជា ប៉ះ វៀតណាម ថ្ងៃ​ស្អែក

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​ស្មារតី​អំពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) នៅ​ពេល​ត្រូវ​ប្រកួត​ជាមួយ វៀតណាម វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​​ការ​ប្រកួត​ជម្រុះ​​ជើង​ឯក​យុវជន​អាស៊ី លើក​ទី​២២ (Asian Men’s U20 Volleyball Championship) ឆ្នាំ​២០២៤ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ រវាង​ក្រុម​យុវជន​កម្ពុជា និង វៀតណាម ដែល​ប្រទេស​​ថៃ​ធ្វើ​ជា​ទឹក​ដី​កណ្តាល។ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​ប្រទេស​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​​ខែ​កក្កដា​ខាង​មុខ។

មុន​ពេល​ឡើង​យន្តហោះ​ចេញ​ដំណើរ​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ លោក អាំង សិរីពិសិដ្ឋ មាន​ជំនឿ​ចិត្ត​លើ​​ក្រុម​យុវជន​កម្ពុជា​នឹង​​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព និង​​ទទួល​បាន​កា​រសាទរ​ពី​ប្រជា​ជន​កម្ពុជា​ទាំង​មូល​សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន។

លោក​មាន​ប្រសាសន៍​ថា ៖«​ទោះ​បី​ជា​ការ​ប្រមូល​ផ្តុំ​របស់​យើង​ទើប​តែ​បាន​៦​សប្តាហ៍​ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា អត្តពលិក​របស់​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព។ ធ្វើ​យ៉ាង​ណា​ដណ្តើម​យក​កៅអី​ឲ្យ​ខាង​តែ​បាន​ពីក្រុម​យុវជន​វៀតណាម។ ខ្ញុំ​ជឿ​ជា​​ថា កីឡាករ​យើង​ទាំង​១២​នាក់​​តំណាង​ឲ្យ​ប្រជា​ជន​កម្ពុជា​ទាំង​មូល នឹង​ធ្វើ​បាន​ល្អ​ និង​ទទួល​បាន​ការ​សាទរ​ចំពោះ​ការ​លេង​របស់​ពួក​គាត់​នៅ​លើ​ទី​លាន»។

ទោះ​បី​ជា​យ៉ាង​ណា ថ្នាក់​ដឹក​នាំ​រូប​នេះ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្មារតី​ជាង​បច្ចេកទេស​នៅ​លើ​ទី​លាន ពី​ព្រោះ​ក្រុម​យុវជន​កម្ពុជា​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ប្រកួត​ផ្លូវ​ការ​ធំ​ៗ និង​ក្រៅ​ប្រទេស​ឡើយ។

លោក អាំង សិរីពិសិដ្ឋ បាន​លើក​ឡើង​ថា ៖«បន្ទាប់​ពី​ប្រកួត​មិត្តភាព​ជា​ច្រើន​លើក​ជា​មួយ​ក្រុម​ធំ​ៗ​នៅ​ប្រទេស​កម្ពុជា គុណផល​របស់​ក្រុម​យុវជន​កម្ពុជា​មាន​ការ​រីក​ចម្រើន​ច្រើន។ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ព្រួយ​បារម្ភ​គឺ ពួក​គាត់​មិន​ធ្លាប់​បាន​ប្រកួត​ព្រឹត្តិការណ៍​ផ្លូវ​ការ​ធំៗ​ ជា​ពិសេស​នៅ​ក្រៅ​ទឹក​ដី​តែ​ម្តង។ នេះ​ជា​លើក​ទី១​សម្រាប់​ពួក​គាត់ក្នុង​ការ​ចេញ​លេង​ក្រៅ​ប្រទេស​គឺ​នៅ​ប្រទេស​ថៃ ហើយ​ជា​ការ​ប្រកួត​អន្តរជាតិ​ផ្លូវ​ការ​ទៀត​ផង»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក្រុម​កម្ពុជា​ស្ទើរ​តែ​មិន​បាន​ដឹង​អ្វី​សោះ​ពី​ការ​ត្រៀម​ខ្លួន និង​កម្រិត​សមត្ថភាព​​របស់​ក្រុម​យុវជន​វៀតណាម ពី​ព្រោះ​វៀតណាម​គ្មាន​ព័ត៌មាន​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ។

សម្រាប់​ការ​ត្រៀម​ខ្លួន​ជម្រុះ​កម្រិត​អាស៊ី​លើក​ដំបូង​គិត​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម U20 កម្ពុជា​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​បាន​រយៈ​ពេល​៦​សប្តាហ៍ ក្នុង​នោះ​បាន​ប្រកួត​មិត្តភាព​ក្តៅ​សាច់​ដុំ​ជា​ច្រើន​ជា​មួយ​​ក្រុម​ធំ​ៗ​នៃ​លីគ​បាល់ទះ​កំពូល​កម្ពុជា។

ខាង​ក្រោម​ជា​ថ្នាក់​ដឹកនាំ​ និង​ក្រុម U20 កម្ពុជា

  1. លោក អាំង សិរីពិដ្ឋ ជាអ្នកដឹកនាំ
  2. លោក ផេង សុវណ្ណនូ អ្នកជំនាញស្ថិតិ
  3. លោក Li Jun ជាគ្រូបង្វឹក
  4. លោក ងួន សេង គ្រូជំនួយ
  5. លោក នូវ សាម៉េត គ្រូជំនួយ
  6. កីឡាករ ឆោម ទីណា (ផ្តាច់ក្រៅប្រអប់)
  7. កីឡាករ លឹម ចិត្រា (ផ្តាច់ក្រៅប្រអប់)
  8. កីឡាករ គ្រុយ ម៉េងហ៊ួរ (ផ្តាច់ក្រៅប្រអប់)
  9. កីឡាករ កែវ ស្រេងលីហ៊ួរ (អ្នកប៉ះសេ)
  10. កីឡាករ យុន ខេមរ៉ាក់ (អ្នកប៉ះសេ)
  11. កីឡាករ ហុក គីមហាន (អ្នកប៉ះសេ)
  12. កីឡាករ ខេង ថុនា (ការពារកណ្តា)
  13. កីឡាករ សំ សិរីសម្បត្តិ (ការពារកណ្តាល)
  14. កីឡាករ ស៊យ រ៉ាសិទ្ធ (ការពារកណ្តាល)
  15. កីឡាករ សរ ពិសី (ផ្តាច់ក្នុងប្រអប់)
  16. កីឡាករ ណាក់ ផានិត (ផ្តាច់​ក្នុងប្រអប់)
  17. កីឡាករ អ៊ុន សុវណ្ណរាជ (លីប៊ើរ៉ូ)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម