Connect with us

កីឡា

​ភ្នំពេញក្រោន បង្ហាញ​ទម្រង់​លេង​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទោះ​សមាជិក​ថ្មីច្រើនទើប​ហាត់​ជាមួយគ្នា

បានផុស

នៅ

ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោន បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ប្រកួត​ជា​មួយ ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដណ្តើម​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី គ្រុឌ​ខេមបូឌាន​ស៊ុប​ភើ​ខាប់ យប់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ ​ភ្នំពេញ​ក្រោន បានចាញ់​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្តី​ ១១ ​ម៉ែត្រ​ដោយ​លទ្ធផល ៣-៥ បន្ទាប់​ពី​ស្មើ​គ្នា ២-២ សម្រាប់​ការ​ប្រកួត ៩០​នាទី​ពេញ។ ការ​ប្រកួត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​ភ្នំពេញ​ក្រោន​នៅ​តែ​​ល្អ បើ​ទោះ​ជា​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន​នាក់ និង​ភាគ​ច្រើន​ជា​កីឡាករ​ថ្មី​ដែល​ទើប​ចូល​រួម​ជា​មួយ​គ្នា​​ក្នុង​រយៈ​ពេល​ខ្លី។

តំបន់​ការពារ និង​ប្រយុទ្ធ​​របស់​ភ្នំពេញ​ក្រោន ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន។ ខ្សែ​ការពារកូរ៉េ​ខាង​ត្បូង Park Yi-yong ចាប់ដៃ​ជា​មួយ​មិត្ត​រួម​ក្រុម​ថ្មី​គឺ​កីឡាករ​រ៉ូម៉ានី Raul Feher និង​កីឡាករហូឡង់​ Rick Ketting ពិត​ជា​ធ្វើ​ឲ្យ​តំបន់​ការពារ​រឹង​មាំ​ខ្លាំង ដោយសារ​កាយ​សម្បទា​ខ្ពស់​ធំ និង​បទ​ពិសោធ​ធ្លាប់​លេង​នៅ​តំបន់​អឺរ៉ុប។ ពួក​គេ​​បាន​​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​​​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង រំដោះ​ខ្លួន​ស្ទើរ​តែ​មិន​រួច។

បើ​នៅ​តំបន់​ប្រយុទ្ធ​វិញ​ក៏​មិន​ធម្មតា​​ដែរ​ ​​កីឡាករ​អ៊ុយក្រែន Maksym Prydum និង​​កីឡាករ​នូវែលហ្សេឡង់ Moses Dyer ពិត​ជា​ធ្វើ​ឲ្យ​តំបន់​ជួរ​មុខ​កាន់​តែ​ល្អ។ ជា​ពិសេស​នៅ​ពេល​​កីឡាករ​កម្ពជា សារ ទី​ និង​កីឡាករ​បូឡាវី Makerlo Tellez ត្រូវ​បាន​ប្តូរ​ចូល​ធ្វើ​ឲ្យ​​ចង្វាក់​ប្រយុទ្ធ​កាន់​តែ​រស់​រវើល​ដែល​ធ្វើ​ឲ្យ​ពួក​គេ​តាម​ស្មើ ២-២។​ ទាំង​នេះ​ច្នៃ​ចេញ​ពី​ខ្សែ​បម្រើ​​កណ្តាល​មាន​បទ​ពិសោធ​ច្រើន អន ចាន់ប៉ូលីន និង​ខ្សែ​បម្រើ​វ័យ​ក្មេង ប៉ុង សាំម៉ូអែល។

ភ្នំពេញ​ក្រោន នឹង​ក្លាយ​ជា​ដៃ​គូ​លំបាក​សម្រាប់​ក្រុម​ផ្សេង​ៗ​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី។ នៅ​ពេល​ពួក​គេ​កាន់​តែ​លេង និង​កាន់​តែ​យល់​ចិត្ត​គ្នា​ ពួក​គេ​នឹង​កាន់​តែ​ល្អ។ ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ទាំង​កីឡាករ​ក្នុង​ស្រុក និង​កីឡាករ​បរទេស ភ្នំពេញ​ក្រោន​មិន​មែន​ត្រឹម​តែ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​លេង​ពាន​រង្វាន់​អន្តរជាតិ។ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាង​មុខ​នេះ ពួក​គេ​នឹង​ប្រកួត​ជា​មួយ​ក្រុម Kasuka នៅ​ប្រទេសព្រុយណេ វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Challenge League។ ភ្នំពេញ​ក្រោន ត្រូវ​ការឈ្នះ​ដើម្បី​បាន​កៅអី​ឡើង​ទៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម