កីឡា
ហ្វីលីពីន មានឱកាសអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ជើងឯកបាល់ទះពិភពលោក
ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន អាចមានឱកាសឆ្លងផុតវគ្គចែកពូលពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ ដ្បិតនេះជាលើកដំបូង ដែលពួកគេមានឈ្មោះលេងក្នុងព្រឹត្តិការណ៍បាល់ទះដ៏ធំកម្រិតពិភពលោកនេះក៏ដោយ។

នេះជាលើកដំបូងបង្អស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ដែលទទួលបានកៅអីចូលលេងពានបាល់ទះជើងឯកពិភពលោក ដោយសារពួកគេមានកៅអីស្វ័យប្រវត្តិ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ ពិតណាស់សម្រាប់ក្រុមបាល់ទះទាំង ៣២ ដែលមានឈ្មោះលេងពានរង្វាន់មួយនេះ គឺសុទ្ធតែជាក្រុមខ្លាំងៗក្នុងពិភពលោក។ ជាក់ស្តែងពូល A ដែលជាពូលរបស់ ហ្វីលីពីន មានដូចជា អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។
តាមរយៈសមាសភាពក្រុមទាំងអស់នេះ ត្រូវបានគេមើលឃើញ ថា ហ្វីលីពីន អាចនឹងពិបាកឆ្លងផុតវគ្គចែកពូល ដោយសារក្រុមទាំង ៣ នោះ សុទ្ធតែជាក្រុមមានកម្រិតលើ ហ្វីលីពីន។ អ៉ីរ៉ង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ពិភពលោក។ អេហ្ស៊ីប ស្ថិតនៅចំណាត់ថ្នាក់លេខ ២៣ និង ទុយនីស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៣។ ចំណែក ហ្វីលីពីន វិញស្ថិតនៅចំណាត់ថ្នាក់លេខ ៨២ ឯណោះ។
ទោះបីយ៉ាងណា មានកក្តាមួយចំនួន ក៏អាចធ្វើឱ្យ ហ្វីលីពីន មានប្រៀបលើក្រុមទាំង ៣ នោះ ហើយអាចមានឱកាសឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល។ ចំពោះការលើកឡើងនេះ តើមានកត្តាណាខ្លះ ដែលអាចនាំឱ្យ ហ្វីលីពីន ឆ្លងផុតវគ្គសន្សំក្នុងពូលបាន?
នៅក្នុងពូល A ក្រុម ដែលជាឧបសគ្គធំបំផុតសម្រាប់ ហ្វីលីពីន គឺមានតែ អ៉ីរ៉ង់ ប៉ុណ្ណោះ ដោយសារពួកគេគឺជាក្រុមខ្លាំង និងតែងតែមានសកម្មភាពប្រកួតជាញឹកញាប់។ ជាក់ស្តែងការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ កន្លងទៅថ្មីៗនេះ ពួកគេក៏មានឈ្មោះប្រកួតផងដែរ ហើយថែមទាំងធ្វើបានល្អទៀតផង ដោយស្ថិតនៅលេខរៀងទី ៨ ក្នុងវគ្គជម្រុះបឋម ស្ទើរតែនឹងទទួលបានកៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។
ដោយឡែក អេហ្ស៊ីប និង ទុយនីស៊ី វិញ នាមួយរយៈចុងក្រោយនេះ ពោលគឺនៅឆ្នាំ ២០២៥ ពួកគេមិនមានការប្រមូលផ្តុំក្រុម ប្រកួតផ្លូវការណាមួយនោះទេ។ អេហ្ស៊ីប បានធ្វើការប្រកួតចុងក្រោយ តាំងពីខែ សីហា ឆ្នាំ ២០២៤។ រីឯ ទុយនីស៊ី វិញ បានធ្វើការប្រកួតចុងក្រោយតាំងពីខែ តុលា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ បើមើលតាមស្ថិតិជាក់ស្តែង ក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយ ក្រុមទាំង ២ ក៏ធ្វើពុំសូវបានល្អនោះដែរ ដោយពួកគេមានលទ្ធផលចាញ់ ច្រើនជាងឈ្នះ។ ដូច្នេះ ប្រសិនបើ ហ្វីលីពីន អាចយកឈ្នះលើក្រុមទាំង ២ នេះបាន នោះពួកគេនឹងអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន ព្រោះមួយពូល គេកំណត់យក ២ ក្រុម ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។

ដោយឡែកកត្តាផ្សេងៗទៀត គឺ ក្នុងនាមជាម្ចាស់ផ្ទះដែលមានអ្នកគាំទ្រច្រើន។ កត្តា ដែល ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ នឹងធ្វើឱ្យពួកគេមានផលចំណេញច្រើន។ ផលចំណេញធំបំផុត គឺអ្នកគាំទ្រ ហើយរឿងផ្សេងទៀត គឺពួកគេបានស៊ាំរួចស្រាប់ទៅហើយ ពាក់ព័ន្ធនឹងអាកាសធាតុ ទឹកដី បូករួមនឹងកីឡដ្ឋានប្រកួតជាដើម។
ការរៀបចំក្រុម ក៏ជារឿងសំខាន់ផងដែរ។ ជឿជាក់ ថា ហ្វីលីនពីន ពិតជារៀបចំក្រុមបាល់ល្អសម្រាប់ការប្រកួតពាននេះ ដោយសារពួកគេបានដឹងជាយូរមកហើយ ថា ពួកគេនឹងត្រូវធ្វើម្ចាស់ផ្ទះពានបាល់ទះជើងឯកពិភពលោកក្នុងឆ្នាំ ២០២៥ នេះ។ ដូច្នេះ ពួកគេច្បាស់ជាត្រូវត្រៀមខ្លួនទុកជាមុន ដោយសម្រិតសម្រាំងកីឡាករសុទ្ធតែល្អៗ ដើម្បីចូលរួមលេងពានដ៏ធំមួយនេះ។
បូកផ្សំជាមួយកត្តាទាំងអស់នេះទៀត ជឿជាក់ ថា ហ្វីលីពីន ដែលជាក្រុមមកពីតំបន់ អាស៊ាន មួយគត់ នឹងធ្វើបានល្អនៅព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកនេះ។ យ៉ាងហោចណាស់ ក៏ពួកគេអាចមានឱកាសឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបានផងដែរ។
គួរបញ្ជាក់ថា ការប្រកួតពាន FIVB Men’s Volleyball World Championship នឹងចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


