ច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣នេះប្រើពេល៣ថ្ងៃនៃថ្ងៃធ្វើការគឺបន្ទាប់ពីសមាជិកសភាទាំង១២៥រូបបោះឆ្នោតអនុម័តនៅថ្ងៃទី១១ ខែកក្កដា និងបញ្ជូនទៅព្រឹទ្ធសភាបោះឆ្នោតទទួលយកនៅថ្ងៃទី១៤ ហើយព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់១ថ្ងៃបន្ទាប់។
បើតាមរដ្ឋសភាការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។
កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្ដេចនរោត្ដម សីហនុ ទ្រង់បានប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។ រាប់ចាប់តាំងពីពេលនោះ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានរយៈពេល៣០ហើយ។ ក្នុងរយៈពេល៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ កម្ពុជាក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក។