Connect with us

អត្ថាធិប្បាយ

បណ្ឌិត គិន ភា រំលឹកពីព្រឹត្តិការណ៍កាលពី៥១ឆ្នាំមុន គឺ១៧ មេសា៖ ចេញពីមាត់ក្រពើ ទៅទើរលើមាត់ខ្លា

បានផុស

នៅ

លោកបណ្ឌិត គិន ភា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានរំលឹកដល់ព្រឹត្តិការណ៍កាលពីជាង៥០ឆ្នាំមុន ពោលគឺព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដោយនិយាយទៅដល់ការផុតរលត់នៃរបបសាធារណរដ្ឋខ្មែរ ហើយជំនួសមកវិញដោយរបបខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ខ្នង។ លោកបណ្ឌិត គិន ភា ថា «ព្រឹត្តិការណ៍ ១៧ មេសា គឺចេញពីមាត់ក្រពើ ទៅទើរលើមាត់ខ្លា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត គិន ភា តាមរយៈសំណេរលើបណ្ដាញហ្វេសប៊ុក បានរៀបរាប់យ៉ាងដូច្នេះថា ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេល ដែលប្រជាជនកម្ពុជាទើបនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្ដីស្រមៃអំពីសន្តិភាពបានកើតមានឡើង ស្របពេលដែលមានវត្តមានកងទ័ពរំដោះចូលមកដល់រដ្ឋធានី និងខេត្ត-ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។

ប្រជាជនក្រុងភ្នំពេញបានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានទទួលសេរីភាពពិតប្រាកដហើយ។ ប៉ុន្តែ ក្ដីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យភ្លាមៗ ដោយកងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់គឺចាកចេញពីទីក្រុង ហើយប្រជាជននៅតាមបណ្ដាខេត្ត-ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយក្នុងលក្ខណៈស្រដៀងគ្នា។

តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ របបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរជិត ២លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដែលបណ្ដាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការបង្អត់អាហារ ការសម្លាប់រង្គាល ឬការបង្ខំឱ្យធ្វើពលកម្មលើសកម្លាំង។

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញមួយ ត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅក្រុងភ្នំពេញ និងត្រូវបានប្រកាសឱ្យប្រើផ្លូវការនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ កម្ពុជា ត្រូវបានប្ដូរឈ្មោះជាផ្លូវការថា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ តែបានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលនូវកម្មសិទ្ធិឯកជន ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមគ្រួសារ។

រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូដឹកនាំណាមួយច្បាស់លាស់ទេ តែបានបដិសេធរាល់សម្ព័ន្ធភាព ឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជា ឬអំពីទ្រឹស្ដីម៉ាក្ស-លេនីនឡើយ។ ផ្ទុយទៅវិញ របបនេះបានធ្វើឱ្យបដិវត្តន៍នោះមានលក្ខណៈជា «ខ្មែរសុទ្ធសាធ» ដោយកាត់ផ្ដាច់ទំនាក់ទំនងពីពិភពលោកខាងក្រៅទាំងស្រុង។

ប៉ុល ពត បានចាប់ផ្ដើមអនុវត្តផែនការបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានប្រើប្រាស់នយោបាយ «មហាលោតផ្លោះ មហាអស្ចារ្យ» របស់ខ្លួន ឆ្ពោះទៅរកសង្គមនិយមឱ្យបាននៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺបង្កើនទិន្នផលស្រូវឱ្យបាន ៣ តោនក្នុងមួយហិកតា ដោយបង្កើតតំបន់ដាំដុះថ្មីៗនៅតាមព្រៃភ្នំ និងតំបន់គ្រុនចាញ់នាភាគឦសាននៃប្រទេស។ អ្នកដែលត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង ត្រូវបានគេហៅថា «ប្រជាជនថ្មី» ឬ «ពួក ១៧ មេសា»។ ពួកគេត្រូវបានតម្រូវឱ្យបោះបង់ចោលរាល់កម្អែលអតីតកាល ហើយត្រូវបានបញ្ជូនទៅកាន់តំបន់ដាច់ស្រយាលដើម្បីជីកប្រឡាយ លើកទំនប់ និងរុករានដីថ្មី។

ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានបែងចែកមនុស្សជាបីវណ្ណៈធំៗ៖១.អ្នកពេញសិទ្ធិ៖ ភាគច្រើនជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតក្នុងរបបចាស់ និងជាអនក្ខរជន។ ២.អ្នកត្រៀម៖ ជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្តិចបន្តួច កសិករ សិប្បករ និងអាជីវករមានទ្រព្យសម្បត្តិមធ្យម។ ៣.អ្នកបញ្ញើ៖ ជាអតីតគហបតី មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងប្រជាជនដែលជម្លៀសចេញពីទីក្រុង។ ក្រុមចុងក្រោយនេះហើយ ដែលជា «មុខសញ្ញា» និងត្រូវបានពួកខ្មែរក្រហមធ្វើទុក្ខបុកម្នេញ និងសម្លាប់ស្ទើរតែដាច់ពូជ។

ខ្មែរក្រហមបានអះអាងថា មានតែមនុស្ស «ស្អាតស្អំ» ប៉ុណ្ណោះ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការកសាងបដិវត្តន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ពួកគេបានចាប់ខ្លួន និងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងមន្ត្រីរាជការនៃរបបសាធារណរដ្ឋខ្មែរអស់រាប់ពាន់នាក់។ រយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ត អ្នកក្រុង ជនជាតិភាគតិចដូចជា ចាម វៀតណាម និងចិន អស់រាប់សែននាក់។ សូម្បីតែយោធា និងសមាជិកបក្សរបស់ខ្លួន ក៏ត្រូវបានសម្លាប់ជាបន្តបន្ទាប់ដែរ ក្រោមបទចោទថាជា «ភ្នាក់ងារសម្ងាត់» ឬ «ក្បត់បដិវត្តន៍»។

ក្នុងផែនការបួនឆ្នាំ (១៩៧៦-១៩៨០) ប្រជាជនកម្ពុជានៅទូទាំងប្រទេស ត្រូវបានបង្ខំឱ្យធ្វើការជាទម្ងន់ ដើម្បីសម្រេចភាគកម្រិត ៣ តោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវបង្កបង្កើនផលដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យមនុស្សធ្វើការលើសពី ១២ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលសម្រាក និងមានរបបអាហារតិចតួចបំផុត។

«ការសម្ងាត់» គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកថា៖ «លាក់ការណ៍ជាកត្តាជ័យជម្នះ» និង «លាក់ការណ៍បានខ្ពស់ រស់បានយូរ»។ រហូតមកដដល់ចុងឆ្នាំ១៩៧៧ ជម្លោះជាមួយនឹងប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវបានអង្គការបញ្ជូនទៅសមរភូមិ និងបានស្លាប់បាត់បង់ជីវិតជាច្រើន។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាម និងកងកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយសម្រុកចូលប្រទេសកម្ពុជា ហើយបានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

គិតមកដល់ពេលនេះ អស់រយៈពេលកន្លះសតវត្សរ៍ហើយក្ដី សម្រាប់បណ្ឌិត គិន ភា នៅតែមិនយល់ថា ហេតុអ្វីបានជាពួកខ្មែរក្រហមសម្លាប់ជាតិសាសន៍ឯង និងបំផ្លិចបំផ្លាញជាតិសាសន៍ខ្លួនឯងដល់កម្រិតនេះ? តើមានបរទេសណានៅពីក្រោយ? ឬជាជម្លោះមនោគមវិជ្ជា? ឬជាគំនុំបុគ្គល? បើជាគំនុំបុគ្គល តើហេតុអ្វីបានជាមានគំនុំជ្រាលជ្រៅដល់ម្ល៉ឹង?

សូមបញ្ជាក់ថា ក្នុងមួយប្រវត្តិសាស្ត្រខ្មែរ គ្មានរបបដឹកនាំណាសម្លាប់បញ្ញវន្តច្រើនជាងរបបខ្មែរក្រហមទេ ប៉ុន្តែរបបដឹកនាំនេះអាចរស់រានបានតែរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប៉ុណ្ណោះ។ នៅពេលរបបដឹកនាំមួយយកបញ្ញវន្តជាសត្រូវ តើពួកគេដឹកនាំប្រទេសឈរលើមូលដ្ឋានអ្វី?

វិញ្ញាណក្ខន្ធប្រជាជនខ្មែរដែលបានស្លាប់ទៅ និងអ្នកនៅរស់រានមានជីវិត រួមទាំងគ្រួសារខ្ញុំផង ហាក់ទទួលបានត្រឹមយុត្តិធម៌និជាមិត្តរូបតែប៉ុណ្ណោះ។ ប្រជាជនខ្មែរជាជាតិសាសន៍ដែលអភ័ព្វជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ចេញពីសង្គ្រាមមួយ ចូលសង្គ្រាមមួយ ចេញពីរបបជិះជាន់ផ្ដាច់ការមួយ ចូលរបបផ្ដាច់ការមួយទៀត ទឹកភ្នែករាស្ត្រខ្មែរហូរឥតស្រាកស្រាន្ត។ ចេញពីរបបអាណានិគម ចូលរបបសក្ដិភូមិ, ចេញពីរបបសក្ដិភូមិ ចូលរបបប្រតិកិរិយាពុករលួយ, ចេញពីរបបពុករលួយ ចូលរបបប្រល័យពូជសាសន៍ និងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលអស់ពីរទសវត្សរ៍ទៀតយ៉ាងខ្លោចផ្សា។ ជីវិតប្រជាជនខ្មែរដ៏អភ័ព្វនេះ រសាត់អណ្ដែត «មិនខុសពីការខំប្រឹងរើខ្លួនចេញពីមាត់ក្រពើ ហើយទៅទើរនៅលើមាត់ខ្លានោះទេ»។

ប្រជាជនខ្មែរត្រូវរង់ចាំអស់ជាង៥០០ឆ្នាំ ទើបទទួលបានសន្តិភាពដែលមានរយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ តែសន្តិភាពនេះក៏អាចបាត់បង់ទៅវិញដែរ បើមិននាំគ្នាថែរក្សា និងឱ្យតម្លៃ។ ដូចពាក្យពោលថា «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។

ឥឡូវនេះ យើងកំពុងប្រឈមនឹងសង្គ្រាមដ៏ព្រៃផ្សៃមួយទៀត គឺសង្គ្រាមឈ្លានពានរបស់ប្រទេសថៃប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីខ្មែរយើង។ ទ័ពសត្រូវឈ្លានពានកំពុងឈរជើង កាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់នៅលើទឹកដីខ្មែរយើងមួយចំនួនតាមបណ្តោយព្រំដែន ហើយកំពុងព្យាយាមកែប្រែស្ថានភាពដើមនៃខ្សែបន្ទាត់ព្រំដែន ដើម្បីលេបយកទឹកដីខ្មែរបន្តទៀតបន្តិចម្តងៗ។

ដូច្នេះប្រជាជនខ្មែរ អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់រូបត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងសត្រូវឈ្លានពាន និងរួមចំណែកលើកស្ទួយ និងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌សង្គម អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទើបជាតិយើងរឹងមាំ មាននិរន្តរភាព សុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ បណ្ឌិត គិន ភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម