Connect with us

ព័ត៌មានអន្ដរជាតិ

គម្រោង​​របស់ Angelina Jolie ជាង​២​ទសវត្សរ៍​មក​នេះ​​នៅកម្ពុជា​​ កំពុង​ហុចផល​វិជ្ជមាន​​លើ​កា​រការ​ពារ​​​ព្រៃ​ឈើ​និង​អភិរក្ស​​​​​សត្វ​កម្រ​

បានផុស

នៅ

តារាសម្ដែងហូលីវូដ​សញ្ជាតិ​អាមេរិក​​​ដ៏ល្បីល្បាញ​​​ អ្នក​ស្រី​​ Angelina Jolie បានរួមចំណែកដ៏ធំធេងនិងបង្កើតរឿងរ៉ាវដ៏អស្ចារ្យជាច្រើនសឹងមិនគួរឲ្យជឿនៅក្នុងប្រទេសកម្ពុជា។ ស្របពេលថ្មីៗនេះ អ្នកស្រីទើបតែធ្វើដំណើរ​មកកាន់ទឹកដីនៃខេត្តបាត់ដំបង តបតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ។

ដំណើររឿងរបស់អ្នកស្រីបាន​ទទួល​ការ​ចាប់​អារម្មណ៍​​​​​​ជាង​២​​ទសវត្សរ៍​​មកហើយ​ ពោល​គឺ​​​​​ផ្តើម​នៅ​២០០៣ បន្ទាប់ពីបានថតខ្សែភាពយន្តរឿង Lara Croft: Tomb Raider អ្នកស្រី Angelina បានទិញដីដំបូងមានទំហំប្រហែល ៧,៥ ហិកតា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ កាលណោះ តំបន់មួយនេះគ្រាន់តែជាអតីតសមរភូមិ និងជាកន្លែងដែលសម្បូរទៅដោយការបរបាញ់សត្វព្រៃជិតផុតពូជ​ដោយខុសច្បាប់​ប៉ុណ្ណោះ។ ប៉ុន្តែគាត់បាន​ចំណាយ​​ថវិកា​ និង ខិតខំប្រឹងប្រែងដើម្បីប្រែក្លាយវា ទៅជាតំបន់អភិរក្សសត្វព្រៃដ៏មានសុវត្ថិភាព។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីសារព័ត៌មាន Eart បន្ទាប់ពីទិញបានដីមួយកន្លែងនោះហើយ តារាសម្ដែងហូលីវូដរូបនេះថែមទាំងបានបង្កើតមូលនិធិមួយមានឈ្មោះថា «Maddox Jolie-Pitt (MJP) » ដែលដាក់ឈ្មោះតាមកូនប្រុសច្បងជាជនជាតិខ្មែរ ដើម្បីគ្រប់គ្រងគម្រោង និងជួយសហគមន៍ក្នុងតំបន់។ ផ្នែកមួយដែលជម្រុញទឹកចិត្តបំផុតនៃការងាររបស់គាត់គឺថា អ្នកស្រីបានជួលអតីតអ្នកប្រមាញ់សត្វព្រៃឲ្យធ្វើការជាអ្នកយាមព្រៃឈើ ដោយផ្តល់ឲ្យអ្នកស្រុកក្នុងតំបន់នោះនូវមធ្យោបាយរកប្រាក់កម្រៃដោយការពារសត្វ ជំនួសឲ្យការធ្វើបាបសត្វដែលជិតផុតពូជ។

តួ​សំដែង​ឯក​​​ក្នុងភាពយន្ត «Maleficent» អ្នកស្រី Angelina បានចាប់ផ្ដើមពង្រីកដីត្រឹមដែលមានទំហំត្រឹម ៧,៥ ហិកតា ​ទៅ​ដល់​រាប់ម៉ឺន​ហិកតា​ ដោយបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីក​​ផ្ទៃដីព្រៃសហគមន៍​​តំបន់​ការ​ពារ​ឲ្យកាន់តែធំជាងមុន រហូតដល់ប្រមាណជា ៦០,០០០ ហិកតា មកទល់នឹងបច្ចុប្បន្ន។

ការស្ទង់មតិថ្មីៗនេះក៏បង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់គាត់កំពុងដំណើរការ ព្រោះព្រៃឈើឥឡូវនេះជាជម្រករបស់សត្វជិតផុតពូជដូចជាដំរីអាស៊ី (ជាសត្វដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ ), ខ្លាឃ្មុំព្រះអាទិត្យ (មានទំហំតូចជាងគេបំផុតនៅលើលោក) និងសត្វស្លាបដ៏កម្រជាច្រើនប្រភេទ។

ការលះបង់របស់អ្នកម្ដាយរូបនេះបានផ្លាស់ប្តូរកន្លែងដ៏គ្រោះថ្នាក់ពីតំបន់ដែលធ្លាប់តែមានការបរបាញ់ និងការកាប់បំផ្លាញព្រៃឈើ ទៅជាទីតាំងដ៏ស្រស់ស្អាតមួយពោលគឺ បច្ចុប្បន្នវាបានក្លាយជាតំបន់ការពារសត្វព្រៃ និងព្រៃឈើដ៏សំខាន់ ដែលជួយដល់ការអភិរក្សសត្វកម្រ ជួយដល់ជីវភាពប្រជាជនក្នុងតំបន់តាមរយៈការអប់រំ និងកសិកម្មប្រកបដោយចីរភាព ដែលធម្មជាតិ និងមនុស្សអាចរស់នៅជាមួយគ្នាដោយសន្តិភាព។ ជាក់ស្ដែង សកម្មភាពរបស់គាត់ត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អ ក្នុងន័យការពារបេតិកភណ្ឌធម្មជាតិ។

ក្រៅពីអភិរក្សសត្វព្រៃនៅក្នុងស្រុកសំឡូត Angelina ក៏បានបង្កើតម្រោងសំខាន់ៗផ្សេងទៀតរបស់មូលនិធិ នៅក្នុងខេត្តបាត់ដំបងផងដែរ។ MJP បានវិនិយោគយ៉ាងច្រើនលើការកសាងធនធានមនុស្សនៅក្នុងតំបន់ដាច់ស្រយាលដោយផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពរៀនសូត្របន្ត ព្រមទាំងសាងសង់សាលារៀនជាច្រើនកន្លែង រួមទាំងវិស័យសុខាភិបាល។

យ៉ាងណាមិញ ទស្សនវិស័យរបស់លោកស្រី Angelina Jolie គឺ «មនុស្ស និងធម្មជាតិត្រូវរស់នៅជាមួយគ្នាដោយសុខដុម»។ បើប្រជាជនមានចំណូល មានការអប់រំ និងមានសុខភាពល្អ ពួកគេនឹងក្លាយជាអ្នកការពារព្រៃឈើដ៏ល្អបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម