Connect with us

វប្បធម៌ ជំនឿ

ទំនៀមទម្លាប់ដែលពលរដ្ឋខ្មែរនិយមធ្វើ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់

បានផុស

នៅ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាទំនៀមទម្លាប់ខ្មែរដែលមានអាយុកាលដ៏យូរលង់មកហើយ និងតែងប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា ត្រូវនឹងខែចេត្រ ខណៈប្រវត្តិនៃពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជាមួយនេះ ផ្សារភ្ជាប់ទៅនឹងតំណាលរឿងមួយក្នុងទេវកថា ទាក់ទាងនឹងសិរី ៣ប្រការ ហើយតជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃ។

តួយ៉ាង ពិធីបុណ្យជាតិដ៏ធំនេះ ក៏បង្ហាញពីអត្តសញ្ញាណវប្បធម៌ និងស្មារតីសាមគ្គីរបស់ប្រជាជនខ្មែរផងដែរ ហើយនៅរាល់មុនថ្ងៃបុណ្យចូលឆ្នាំចូលមកដល់ តាមគេហដ្ឋាននីមួយៗ តែងមានការរៀបចំតុបតែងផ្ទះសម្បែង ឬរៀបចំតុបាយសម្រាប់បូជា ដើម្បីស្វាគមន៍ទេវតាឆ្នាំថ្មី ដោយជឿថា នឹងនាំមកនូវសិរីសួស្តី បណ្តេញអពមង្គល និងរស់សុខសាន្តពេញមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្អាតផ្ទះសម្បែង និងព្យួរគោមផ្កាយ
មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់ ប្រជាជនខ្មែរតែងរៀបចំសម្អាត និងតុបតែងផ្ទះសម្បែង ខណៈមិនត្រឹមតែដើម្បីតែទទួលទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ តែក៏មានជំនឿថា ជាការលាងជម្រះអពមង្គល កម្អែលអាក្រក់ និងអវិជ្ជមានចេញពីឆ្នាំចាស់ ដើម្បីចាប់ផ្ដើមឆ្នាំថ្មីដោយសេចក្ដីសុខ និងភាពរុងរឿង។ ជាមួយគ្នានេះ គេនិយមតុបតែងផ្ទះដោយ “ព្យួរគោមផ្កាយ” ដោយសារគេជឿថា “ពន្លឺគោមផ្កាយ” នឹងនាំមកនូវសិរីសួស្ដី និង លាភសំណាង។

ការសម្អាតផ្ទះ និងព្យួរគោមផ្កាយ មិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីជំនឿ វប្បធម៌ និងបំណងប្រាថ្នារបស់ប្រជាជនខ្មែរ ក្នុងការចាប់ផ្ដើមជីវិតថ្មីដោយវិជ្ជមាន និងពោរពេញដោយសុភមង្គល។

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ឬ បង្សុកូល
ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជាពិធីសាសនាដ៏សំខាន់មួយសម្រាប់ពុទ្ធសាសនិកខ្មែរ ដែលតែងនិមន្តព្រះសង្ឃមកសូត្រមន្តនៅតាមគេហដ្ឋាន ដោយគេជឿថា ជាការប្រោះព្រំលើករាសី លាងជម្រះភាពអាក្រក់ និងនាំមកនូវសេចក្តីសុខសាន្តជូនម្ចាស់ផ្ទះ។ ជាមួយគ្នានេះ គេក៏និយមធ្វើពិធីបង្សុកូលផងដែរ ដើម្បីឧទ្ទិសកុសលដល់បុព្វបុរស និងសាច់ញាតិដែលបានទទួលមរណភាពទៅហើយ។

ក្រៅពីនេះ មុនថ្ងៃចូលឆ្នាំមកដល់ តាមភូមិស្រុក ឬស្ថាប័នរដ្ឋ-ឯកជននានា ក៏និយមរៀបចំការសម្តែងរបាំត្រុដិផងដែរ ដោយគេជឿថា ជាការបណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយសម្រាប់ឆ្នាំថ្មី។

គួរឱ្យដឹងដែរថា «ត្រុដិ» ជារបាំប្រពៃណីខ្មែរ ដែលគេតែងយកមកសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីប្រសិទ្ធសព្វសាធុការ ជូនដល់ភូមិស្រុកបណ្តេញរាល់គ្រោះចង្រៃ។ ក្រៅពីឱកាសចូលឆ្នាំថ្មី របាំនេះ ក៏ត្រូវបានគេយកមកសម្តែង សម្រាប់ពិធីសុំទឹកភ្លៀងផងដែរ បើសិនជាស្រុកទេសជួបគ្រោះរាំងស្ងួត។ ជាក់ស្តែង ក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលរស់នៅតំបន់ខ្ពង់រាប និងវាលទំនាប បានកំណត់ថា របាំត្រុដិ គឺជាការកាត់ផ្តាច់នៃឆ្នាំនីមួយៗ ជាបុណ្យឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បណ្តេញរាល់ឧបទ្រពចង្រៃ ហើយនាំយកមកនូវតែភាពសម្បូរណ៍សប្បាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម